ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្រុមអ្នកស៊ើបអង្កេតក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រទី១៧កុម្ភៈថាយ៉ាងហោចណាស់មនុស្សប្រាំមួយនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់នៅក្នុងរដ្ឋមីសស៊ីស៊ីបពី (Mississippi) របស់សហរដ្ឋអាម៉េរិក។
ជនរងគ្រោះទាំងអស់បានស្លាប់នៅតំបន់ក្បែរៗគ្នានៅក្នុងទីប្រជុំជនតូចមួយឈ្មោះថា អាកាប៊ូតឡា (Arkabutla)ប្រហែល ៧២ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងម៉េមហ្វ៊ីស (Memphis)ក្នុងរដ្ឋថេនណេសស៊ី (Tennessee) ជិតខាង។
ជនរងគ្រោះបីនាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះចំនួនពីរខ្នង ចំណែកអ្នកផ្សេងទៀតត្រូវបានរកឃើញនៅក្នុងហាងមួយ ក្នុងរថយន្តមួយ និងនៅលើផ្លូវថ្នល់។
ប៉ូលីសបានបញ្ជាក់ប្រាប់ BBC News ថា ពួកគេបានចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់។
ការិយាល័យស៊ើបអង្កេតរដ្ឋកំពុងជួយប៉ូលីសក្នុងតំបន់ក្នុងការស៊ើបអង្កេត។
អភិបាលរដ្ឋមីសស៊ីស៊ីបពី លោក ថេត រីហ្វ (Tate Reeves) បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា បុរសនោះត្រូវគេជឿថាបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុន្តែមូលហេតុបាញ់ប្រហាររបស់ជននេះនៅមិនទាន់ដឹងទេ។
លោករីហ្វបានសរសេរថា “ខ្ញុំនឹងធានាថាធនធានពេញលេញរបស់រដ្ឋនឹងអាចរកបានសម្រាប់មន្ត្រីអនុវត្តច្បាប់ ខណៈយើងបន្តស៊ើបអង្កេតស្ថានភាពនេះ”។
ប៉ូលីសតំបន់ថេតខោនធី (Tate County)លោក ប្រ៊ែដ លេន (Brad Lance)បានប្រាប់វេបសាយ Action News 5 ថា ខ្មាន់កាំភ្លើងដំបូងបានចូលហាងក្នុងស្រុកមួយហើយបាញ់សម្លាប់បុរសម្នាក់នៅម៉ោងប្រហែល ១១៖០០ ម៉ោងព្រឹក។
ប៉ូលីសរូបនេះបាននិយាយថា បន្ទាប់មក រូបគេបានទៅផ្ទះក្បែរនោះ ហើយបាញ់សម្លាប់ស្ត្រីម្នាក់និងបាញ់របួសប្តី។
លោកលេនបានបន្ថែមថា តម្រួតបានប្រទះឃើញជនសង្ស័យនៅក្នុងរថយន្តមួយ ដែលត្រូវនឹងការពណ៌នារបស់សាក្សី ហើយអាចចាប់បានជនសង្ស័យ បន្ទាប់ពីបើករថយន្តដេញតាមមួយសន្ទុះ៕
មនុស្ស៦នាក់ត្រូវគេបាញ់ស្លាប់នៅទីប្រជុំជនអាកាប៊ូតឡាកាលពីព្រឹកថ្ងៃសុក្រ