​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ត្រូវបាន​សម្លាប់​នៅ​ពេល​ក្រុម​អត្តឃាត​តា​លី​បង់​ប៉ា​គី​ស្ថាន​មួយ​សំរុកចូល​បរិវេណ​ស្ថានីយ​ប៉ូលីស​ក្នុង​ទីក្រុង​កំពង់ផែ​កា​រ៉ា​ជី កាលពី​ថ្ងៃ​​សុក្រ បង្ក​អោយ​មាន​ការបាញ់​គ្នា​អស់​រាប់​ម៉ោង​នៅ​ពេល​កង​សន្តិសុខ​តាម​ប្រមាញ់​ជន​វាយប្រហារ​ពី​ជាន់​មួយ​ទៅកាន់​ជាន់​មួយ​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ព្រះវិហារ​ក្នុង​បរិវេណ​ស្ថានីយ​ប៉ូលីស​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស ដោយ​បាន​សម្លាប់​ប៉ូលីស​ជាង​៨០​នាក់​។​

​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​អះអាង​ទទួលខុសត្រូវ ដោយ​បាន​និយាយថា យុទ្ធជន​របស់​ខ្លួន​បាន​សំរុកចូល​ក្នុង​បរិវេណ​ការិយាល័យ​ប៉ូលីស​កា​រ៉ា​ជី​ដែល​មាន​ការ​យាមកាម​តឹងតែង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខេត្ត​ស៊ី​ង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​អោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា «​មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ រួម​មាន​ប៉ូលីស​ពីរ​នាក់ ទាហាន​ម្នាក់​និង​​អ្នក​អនាម័យ​ម្នាក់​។​ប្រតិបត្តិការ​បាន​បញ្ចប់​ត្រឹម​សម្លាប់ចោល​ភេរវ​ករទាំង​បីនាក់​»​។​

​ថ្លែង​តាម​ទូរទស្សន៍ រដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ា​គី​ស្ថាន បាន​ហៅ​ជន​វាយប្រហា​រថា​ជា​ភេរ​វករ​…​ប្រដាប់​ដោយ​គ្រាប់បែកដៃ​និង​សព្វាវុធ​ដទៃទៀត​។​ពួកគេ​បាន​បាញ់​រ៉ុក្កែត​ដាក់​មាត់​ទ្វាររបង​មុន​សំរុកចូល​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី សេ​បាស សារីហ្វ (Shehbaz Sharif)​បាន​ប្តេជ្ញា​បោស​លុបបំបាត់​អំពើហិង្សា ដោយ​លោក​បាន​សរសេរ​បង្ហោះ​ថា​«​ប៉ា​គី​ស្ថាន​នឹងមិន​ត្រឹមតែ​ជីក​រំលើង​ឬ​សគល់​ភេ​រ​​វ​កម្ម តែ​នឹង​សម្លាប់​ពួក​ភេរ​វករ​និង​នាំ​ពួក​វា​មក​ដាក់ទោស​។​មហា​ប្រជាជាតិ​មួយ​នេះ តាំងចិត្ត​កម្ចាត់​ចោល​ពួក​បិសាច​នៅ​ជា​រៀងរហូត​»​។​

​ក្រៅពី​ថ្កោលទោស​ការវាយប្រហារ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក ណេ​ត ប្រា​យ​(Ned Price)​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ប៉ា​គី​ស្ថាន​ក្នុងការ​ប្រឈម​​នឹង​ការវាយប្រហារ​ភេរវកម្ម​នេះ​។​«​អំពើហិង្សា​មិនជា​ចម្លើយ​ទេ និង​វា​ត្រូវតែ​បញ្ឈប់​»៕

​បួន​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ដោយ​ក្រុម​អត្តឃាត​នៅ​ស្ថានីយ​ប៉ូលីស​ប៉ា​គី​ស្ថាន​នៅ​ក្រុង​កា​រ៉ា​ជី​