ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ម៉ូតូពីរគ្រឿង បើកបរខ្វែងទិសគ្នា បានបុកពេញ មួយទំហឹង បណ្ដាលឱ្យមានម្នាក់ រងរបួសបាក់ជើង និងម្នាក់ទៀត បែកក្បាល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ វេលាម៉ោង ១១និង២០នាទីយប់ នៅចំណុចផ្សាររាត្រី ប៉ោយប៉ែត ត្រង់ផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ នៅចំណុចកើតហេតុថាៈ មុនដំបូង មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេរីឆ្នាំ២០១៥ ស្លាកលេខ បន្ទាយមានជ័យ 1N-0892 ពណ៌ខ្មៅ បើកបរមានគ្នា បីនាក់ (មិនស្គាល់អត្តសញ្ញាណ) ទិសដៅពីខាងត្បូង មកខាងជើង ឬពីបេនឡាន ឆ្ពោះទៅខាងសាលាពីរជាន់។ មកដល់ផ្លូវបំបែកជា ៤ មិនប្រយ័ត្ន បណ្ដាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលមានទិសដៅពីខាងកើត មកខាងលិច ឬពីស្តង់ជ្រូកទិសដៅមកផ្សារអគ្គ បើកបរដោយបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-5054 ពណ៌ខ្មៅ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ទាំងសងខាង។
ប្រភព បានបញ្ជាក់ថាៈ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស្លាកលេខ បន្ទាយមានជ័យ 1N-0892 ពណ៌ខ្មៅ បើកបរមានគ្នា បីនាក់ ក្នុងនោះមានម្នាក់ រងរបួសបាក់ជើងខាងស្ដាំ។
ឯអ្នកបើកបរម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-5054 ពណ៌ខ្មៅ រងរបួសបែកក្បាល ធ្ងន់ធ្ងរ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះវាស់វែង ដើម្បីធ្វើកំណត់ហេតុ សង្គ្រោះមនុស្ស និងនាំម៉ូតូ មករក្សាទុក នៅអធិការដ្ឋាន។
ចំណែកអ្នករងរបួស ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកដីថ្មី។
រីឯម៉ូតូបង្កទាំងពីរ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង រង់ចាំការដោះស្រាយ តាមនីតិវិធី នៅពេលក្រោយ៕/V-PC