ដោយៈប.ខុន/ភ្នំពេញៈគម្រោងសាងសង់ទំនប់អាងទឹកដូនទ្រីស្ថិតនៅក្នុងស្រុករុក្ខគីរីដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានបានមកពីសាធារណរដ្ឋកូរ៉េ អាចនឹងរួចរាល់យឺតជាងការរំពឹងទុកសារមានការកែសម្រួលថ្មីច្រើន តែក្រោយពេលសាងសង់រួចអាងទឹកនេះមានសក្តានុពលសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣៣.០០០ហិកតានិងផ្ទៃដីស្រូវប្រាំងចំនួន៤.៥០០ហិកតា។

លោក ជា សុខនី នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣ថា គម្រោងសាងសង់ទំនប់អាងទឹកដូនទ្រីបើយោងទៅតាមទំហំការងារដែលបានកែសម្រួលថ្មី អាចបញ្ចប់យឺតជាងការគ្រោងទុក គឺអូសបន្លាយពេលរហូតទៅដល់ចុងឆ្នាំ២០២៥ទើបអាចរួចរាល់ ដោយគិតត្រឹមថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣តាមទំហំការងារថ្មីនៃគម្រោងទើបអនុវត្តបានប្រមាណជា៥៨,៩ភាគរយនៃគម្រោងទាំងមូលប៉ុណ្ណោះ។

លោកបានបន្តថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងនេះ ប្រើប្រាស់ហិរញ្ញប្បទានសម្បទានបានមកពីសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ។ ក្រោយពេលសាងសង់រួចគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន៣៣.០០០ហិកតានិងផ្ទៃដីស្រូវប្រាំងបានចំនួន៤.៥០០ហិកតា ។

ការងារត្រូវធ្វើនៅក្នុងគម្រោងនេះរួមមាន៖សាងសង់ទំនប់មេ ជាប្រភេទទំនប់ស្នូលដីថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង០៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុតប្រមាណ៤៧ម៉ែត្រនិងមានប្រវែងសរុប៦៥៤ម៉ែត្ររួមជាមួយការងារផលិតគ្រួសនិងថ្មសម្រាប់ចាប់បំពេញទំនប់។ សំណង់បង្ហៀរ(Spillways)ស្ថិតនៅខាងធ្វេងទំនប់មេធ្វើពីបេតុងមានប្រវែងសរុប៤១៤ម៉ែត្រ។ទំនប់បង្ហៀរនេះអាចដោះទឹកបាន៨៥០ម៉ែត្រគីបក្នុងមួយវិនាទី ។ សាងសង់រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូងមានរាងជាក្រចកជើងសេះ,អង្កត់ផ្ចិត៤ម៉ែត្រ, មានប្រវែងសរុប៤៦២ម៉ែត្រ។ សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន០៥(២,២ ម៉ែត្រគុណ ២,២ ម៉ែត្រមាន៤ទ្វារ និង៤ម៉ែត្រគុណ៤ម៉ែត្រមាន១ទ្វារ)។ស្ពានសម្រាប់ឆ្លងទៅប៉មគ្រប់គ្រងទឹកប្រវែង៥៥ម៉ែត្រទទឹង៣ម៉ែត្រ។ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ,ខ្នងលើទទឹង០៥ម៉ែត្របណ្តោយប្រវែង៥៣៦ ម៉ែត្រ ។ សង់ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ម៉ែត្រ,ខ្នងលើទទឹងទំនប់ ០៥ម៉ែត្រ, ប្រវែង១៥០ម៉ែត្រនិងសាងសង់ផ្លូវក្រាលថ្មភ្នំ ប្រវែង១៧,៣គីឡូម៉ែត ទទឹង០៧ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន០៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន៣កន្លែង៕/PC