ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបាននាំកូនស្រីវ័យក្មេងរបស់គាត់ទៅមើលការប្រកួតបាល់ទាត់អបអរថ្ងៃកំណើតរបស់ឪពុកស្លាប់ទៅរបស់គីម ជុងអ៊ុន ដែលនេះជាការបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ចុងក្រោយបង្អស់របស់នាងដែលបង្កឱ្យមានការជជែកវែកញែកថាតើនាងកំពុងត្រៀមខ្លួនសម្រាប់តួនាទីដឹកនាំនាពេលអនាគតឬយ៉ាងណា។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ (KCNA) បាននិយាយថា វត្តមានរបស់លោកគីមនិងកូនស្រី “ជាទីស្រឡាញ់” របស់គាត់ ឈ្មោះថា គីម ជូ អេ (Kim Ju Ae)អាយុប្រហែល ១០ ឆ្នាំបាននាំមកនូវ “សេចក្តីរីករាយនិងក្តីរំភើប” ដល់ការប្រកួតមិត្តភាពកាលពីថ្ងៃសុក្ររវាងបុគ្គលិកគណៈរដ្ឋមន្ត្រីនិងបុគ្គលិកក្រសួងការពារជាតិ។
ក្រុមក្រសួងការពារជាតិបានឈ្នះក្នុងលទ្ធផល ៣-១ ហើយបន្ទាប់មកបានផ្តួលបុគ្គលិកគណៈរដ្ឋមន្ត្រីម្តងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាទាញព្រ័ត្រ នេះបើយោងតាមរបាយការណ៍ KCNA។ ព្រឹត្តិការណ៍នេះគឺដើម្បីអបអរថ្ងៃកំណើតរបស់អតីតមេដឹកនាំប្រទេសពីមុន គឺលោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន។
របាយការណ៍ KCNA បាននិយាយថា “កីឡដ្ឋាននេះគឺពោរពេញទៅដោយភាពសប្បាយរីករាយនិងក្តីរំភើបរបស់មន្ត្រីគណៈរដ្ឋមន្ត្រីនិងក្រសួងការពារជាតិដែលមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានិងវប្បធម៌សំខាន់ៗក្នុងថ្ងៃបុណ្យនិទាឃរដូវនៃខែកុម្ភៈ នៅចំពោះមុខលោក គីម ជុងអ៊ុន ដែលពួកគេចង់ឃើញសូម្បីក្នុងសុបិនរបស់ពួកគេ។ KCNA និយាយថាអ្នកចូលរួមទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះបានធ្វើ “ការសន្យាយ៉ាងម៉ឺងម៉ាត់ក្នុងការបម្រើប្រជាជនជាមួយការលះបង់ដោយភាពក្លាហានជាថ្មីនិងដោយស្មារតីខ្ពស់”។
រូបថត ដែលចុះផ្សាយដោយកាសែតផ្លូវការរបស់កូរ៉េខាងជើង Rodong Sinmun បានបង្ហាញលោកគីមនិងកូនស្រីរបស់គាត់ញញឹមនិងទះដៃពីកៅអី VIPដែលពួកគេអង្គុយនៅចន្លោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងយោធា។ នាង គីម យ៉ូ ជុង ប្អូនស្រីរបស់លោកគីម និងមន្ត្រីគោលនយោបាយការបរទេសកំពូលម្នាក់របស់គាត់ក៏ឃើញអង្គុយនៅជួរក្រោយពួកគេផងដែរ។
ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការបង្ហាញខ្លួនជាសាធារណៈលើកទីប្រាំមួយរបស់នាងគីម ជូ អេ ប៉ុន្តែជាលើកដំបូងដែលមិនពាក់ព័ន្ធទាំងស្រុងទៅនឹងមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ឪពុកនាង។ នាងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងខែវិច្ឆិកា នៅពេលដែលលោក គីម ជុងអ៊ុន បាននាំនាងទៅមើលការសាកល្បងហោះហើរនៃមីស៊ីលឆ្លងទ្វីប៕
លោកគីមនាំកូនស្រីមកមើលការប្រកួតបាល់ទាត់កាលពីថ្ងៃសុក្រ