ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា និស្សិតចំនួន ២១១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មបានស្ម័គ្រចិត្តចូលរួមគម្រោងជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ៩។
លោកបានឲ្យដឹងថា និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួន ៨មានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រកៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ។
និស្សិតទាំងនេះ គឺជានិស្សិតដែលជ្រើសរើសចេញពីនិស្សិតក្នុងឆ្នាំសិក្សា ២០២២-២០២៣ សរុបចំនួន ២.៦២២នាក់។
លោករដ្ឋមន្រ្តីបានថ្លែងថា កិច្ចការស្ម័គ្រចិត្តនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។
បើតាម លោក រដ្ឋមន្ត្រី វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និងនៅតាមឃុំនីមួយៗ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕/PC