ដោយៈសុផល/ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានចំនួន ១.២១៧ លានរៀល ឫប្រមាណជា ៣០០លានដុល្លារ ស្មើនឹង៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។
លោក គង់ វិបុល បានថ្លែងឱ្យដឹងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣
ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ ។
ចំណូលពន្ធនេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០,០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។ លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូល ២០ ,៧៣%, អាករលើតម្លៃបន្ថែម ៨,៥៧%, និងពន្ធលើប្រាក់បៀវត្ស ១៨,០៧%។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។
លោកបន្ថែមថា ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ៣៦ ,៦២ ប៊ីលានរៀល (ប្រមាណ ៩,០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤,៦៨ ប៊ីលានរៀល (ប្រមាណ ៥៣,០១ លានដុល្លារ)៕/PC