ដោយៈ សុផល / ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំបង្កើតកម្មវិធី EAC App សម្រាប់ផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ នៅក្នុងតំបន់អ្នកផ្គត់ផ្គង់ របស់អ្នកកាន់អាជ្ញាបណ្ណឯកជន អាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ខណៈដំណាក់កាលទី១ បានរៀបចំរួចរាល់ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីដើមខែមីនា ឆ្នាំ២០២៣។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថាៈ ការរៀបចំបង្កើតកម្មវិធី EAC App នេះ មាន ២ ដំណាក់កាល ដែលដំណាក់កាលទី១៖ អាចឱ្យអ្នកប្រើប្រាស់ ពិនិត្យមើលព័ត៌មានលើវិក្កយបត្រអគ្គិសនី អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រវត្តិនៃការប្រើ ប្រាស់ ចំនួនអគ្គិសនីប្រើប្រាស់ ទូទាត់ថ្លៃអគ្គិសនី ទទួលវិក្កយបត្រអគ្គិសនី ព្រមទាំងអាច ទទួលបានព័ត៌មាន ឬសេចក្តីជូនដំណឹង ពីស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនី (ដាច់ចរន្ត ផ្អាកការផ្គត់ផ្គង់…) នៅក្នុងតំបន់របស់ខ្លួន។ល។ ដំណាក់កាលទី១ នៃកម្មវិធីនេះ បានរៀបចំរួចរាល់ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះតទៅ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងទៀតថាៈ ដោយឡែក ដំណាក់កាលទី២៖ អាចឱ្យអ្នកប្រើប្រាស់ ស្នើសុំភ្ជាប់ចរន្តថ្មី ស្នើសុំដំឡើងកម្លាំងប្រើប្រាស់ កែសម្រួលអត្ត សញ្ញាណអ្នកប្រើប្រាស់ ។ល។ ក្នុងឆ្នាំ២០២៣។ ដំណាក់កាលទី២ នៃកម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមរៀបចំ បន្ទាប់ពីកម្មវិធីដំណាក់កាលទី១ បានដាក់ឱ្យប្រើប្រាស់រួច ដែលអាចនឹងដាក់ឱ្យប្រើប្រាស់ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

បន្ថែមពីនេះ លោក យឹម វិសិដ្ឋ បានបញ្ជាក់ថាៈ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏គ្រោងនឹងរៀបចំ អភិវឌ្ឍលើគម្រោង «វិក្កយបត្រអគ្គិសនីឌីជីថល (Digital Bills)» ដោយសហការ ជាមួយអគ្គិសនីកម្ពុជា (EDC) សម្រាប់សមាហរណកម្មទិន្នន័យ ផ្ទេរទិន្នន័យទៅមក និងបញ្ជូនវិក្កយបត្រអគ្គិសនី ដោយស្វ័យប្រវត្តិ។ សម្រាប់ការបញ្ចូនវិក្កយបត្រអគ្គិសនី គឺនឹងជួយសម្រួលការបញ្ចូន វិក្កយបត្រអគ្គិសនី ដោយស្វ័យប្រវត្តិ ពីអគ្គិសនីកម្ពុជា ទៅឱ្យអ្នកកាន់អាជ្ញាបណ្ណឯកជន និងពីអ្នកកាន់អាជ្ញាបណ្ណឯកជន ទៅអ្នកកាន់អាជ្ញាបណ្ណ ឯកជនដូចគ្នា។ កម្មវិធីនេះ គ្រោងនឹងរៀបចំឆាប់ៗនេះ ហើយគិតថា អាចនឹងដឹកឱ្យអនុវត្ត បាន នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ៕/V-PC