ដោយៈ សុផល / ភ្នំពេញ៖ ថ្លែងក្នុងឱកាសពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍ សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនី កម្ពុជា នាពេលថ្មីៗនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តាមរយៈផែនការមេអភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនី ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៤០ កម្ពុជាត្រូវការទុនវិនិយោគ សរុបចំនួន ១១.០២៤ លានដុល្លារអាមេរិក សម្រាប់ធ្វើការ អភិវឌ្ឍប្រភពអគ្គិសនី និងប្រព័ន្ធបណ្ដាញជាតិ។

លោក ទី នរិន្ទ បានបញ្ជាក់ថាៈ សម្រាប់ថវិកាទាំងនោះ គឺ ៩.២២៨ លានដុល្លារ សម្រាប់ការវិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុក និង ១.៧៩៦ លានដុល្លារ សម្រាប់អភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ដែលនេះមិនទាន់គិត អំពីសេចក្តីត្រូវ ការទុនវិនិយោគ ដែលបងប្អូនអ្នកកាន់អាជ្ញាបណ្ណឯកជន និងអគ្គិសនីកម្ពុជាត្រូវការ សម្រាប់ធ្វើការអភិវឌ្ឍពង្រីកប្រព័ន្ធ បណ្តាញចែកចាយបន្ថែម ផងនៅឡើយ។

បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅចុងឆ្នាំ២០២២ ប្រភពផលិតអគ្គិសនី ក្នុងស្រុក មានអានុភាព ៣.៤៦៤,៦៧ មេហ្គាវ៉ាត់ ស្មើនឹង ៧៧,០៧% ខណៈការនាំចូល អគ្គិសនីមកពីប្រទេសជិតខាង មាន ១.០៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹង ២២,៩៣ ភាគរយ។ សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមាន មកពីប្រទេសថៃ មានចំនួន ២៧៧,៣០ មេហ្គាវ៉ាត់ ស្មើនឹង ២៦,៩០ ភាគរយ, វៀតណាម ៣៣២,៤៥ មេហ្គាវ៉ាត់ ស្មើនឹង ៣២,២៥ ភាគរយ និងឡាវ ៤២១,០០ មេហ្គាវ៉ាត់ ស្មើនឹង ៤០,៨៤ ភាគរយ។

បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២៣ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣.៨១៤,៦៧ មេហ្គាវ៉ាត់ ស្មើនឹង ៧៧,១៤ ភាគរយ ខណៈថាមពលអគ្គិសនីនាំចូល​ពីប្រទេសជិតខាង នឹងកើនឡើងដល់ ១.១៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹង ២២,៨៦ ភាគរយ។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣.៩២៣ ស្មើនឹង ៩៨,២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ ប៉ុណ្ណោះ ស្មើនឹង ១,៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនី៕/V-PC