ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី១៩ កុម្ភៈ ស្អែកនេះ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទះ ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ របស់បារាំង នៅជើងទី១។
លោក អាំង សិសីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយថាៈ ក្រុម U19 បារាំង ទោះបីនៅខ្ចីមែន តែបទពិសោធន៍ ស្ទើរតែច្រើនជាងកម្ពុជា ព្រោះនៅ ប្រទេសបារាំង គេចាប់ផ្ដើមថ្នាល តាំងពីអាយុក្រោម ១២ ឆ្នាំ (U-12) ផ្ទុយពីកម្ពុជា ដែលជ្រើសរើសអាយុ ចាប់ពី ១៧ ឬ ១៨ ឆ្នាំឡើង គ្រាន់តែតាក់ទិក នៃការលេង និងភាពចាស់ទុំ មិនដល់កម្ពុជាឡើយ។
លោកអគ្គលេខាធិការ បានទទួលស្គាល់ថាៈ ការប្រកួតជាមួយក្រុមបារាំង មិនមែនជាការ ងាយស្រួលឡើយ តែទោះជាលទ្ធផលយ៉ាងណា ក៏លោកមានមោទនភាព ដែលសហព័ន្ធ បានអញ្ជើញក្រុមយុវជន នៃប្រទេសមហាអំណាចបាល់ទះ មកប្រកួតនៅកម្ពុជា។ ក្រុមយុវជន U19 នេះ ក៏ទើបតែលើកពាន នៅប្រទេសរបស់គាត់ដែរ។
កម្ពុជា ទើបតែប្រកួតជាមិត្តភាព ឈ្នះក្រុមជម្រើសជាតិសឹង្ហបូរី និងក្រុមជម្រើសយុវជន U21 របស់គុយបា ប្រសិនបើកម្ពុជា ទៅរួចជាមួយបារាំងទៀតនោះ កម្ពុជា នឹងស្វែងរក ក្រុមខ្លាំងៗ មកប្រកួតជាមួយបន្តទៀត។ នេះជាការប្រកួតដ៏សំខាន់មួយ ដើម្បីវាស់ស្ទង់ សមត្ថភាព មុនស៊ីហ្គេមមកដល់។
កម្ពុជា កំពុងតែមានមហិច្ឆតា ប្រជែងមេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បនទាប់ពីប្រជែងបានមេដាយសំរិទ្ធនាស៊ីហ្គេមលើកទី៣១នៅវៀតណាមនោះ។ ការប្រកួត ជាមួយក្រុម U19 បារាំង លេងចំនួន ២ ជើង ដោយជើងទី១ លេងនៅថ្ងៃទី១៩ កុម្ភៈ ស្អែកនេះ និងជើងទី២ លេងនៅថ្ងៃទី២២ កុម្ភៈ ដែលទាំងពីរជើងប្រកួត នៅពហុកីឡដ្ឋានជាតិ៕/V-PC