ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញាសម្រាប់ ត្រៀមរៀបចំប្រទ្បង និង ការប្រទ្បងជ្រើសរើសធ្វើជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៦ ដែលបានរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានអះអាងថា កម្មវិធីដែលប្រពឹត្តទៅកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ គឺដើម្បីបំពាក់បំប៉នចំណេះដឹងពាក់ព័ន្ធនឹង ច្បាប់កម្មសិទ្ធិបញ្ញា លិខិតបទដ្ឋានគតិយុត្ត ការបំពេញបែបបទឯកសារតម្រូវ និង តួនាទីរបស់កម្មសិទិ្ធបញ្ញាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីអាចឲ្យសិក្ខាកាមដែលចូលរួមសិក្សា និងចូលរួមប្រលងធ្វើជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកមានគុណវុឌ្ឍគ្រប់គ្រាន់ និងសមត្ថភាពពេញលេញនៅក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។

លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតាងនាមឱ្យមន្ត្រីរាជការទាំងអស់នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ហើយបានបញ្ជាក់ថាវគ្គបណ្តុះបណ្តានេះត្រូវបានរៀបចំទ្បើងបានចំនួន ៥ ជំនាន់ រួចមកហើយ ដោយមានបេក្ខជន បានប្រទ្បងជាប់ជាស្ថាពរ សរុបចំនួន ២៣៥នាក់ ចំពោះវគ្គបណ្តុះបណ្តាលជំនាន់ទី៦នេះវិញ មានសិក្ខាកាមសរុបចំនួន ៦៧ នាក់។
ការរៀបចំវគ្គបណ្តុះបណ្តាលក្នុងគោលបំណង គ្រប់គ្រង និងពង្រឹងសមត្ថភាពរបស់តំណាងស្របច្បាប់នៃម្ចាស់ម៉ាក ដើម្បីសម្រួលដល់ការងារចុះបញ្ជី និងកិច្ចការដទៃទៀតដែលទាក់ទងនឹងម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឱ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងផ្តល់ភាពងាយស្រួលដល់ម្ចាស់ម៉ាកក្នុងការធ្វើអាជីវកម្ម និងការពារសិទ្ធិរបស់ខ្លួន តាមរយៈតំណាងស្របច្បាប់នៃម្ចាស់ម៉ាក។

លោក អ៊ុក ប្រជា បានសម្តែងនូវការកោតសរសើរដល់ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលខិតខំបន្ត បេសកម្មបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្មដើម្បីធ្វើយ៉ាងណាឲ្យការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាកាន់តែទូលំទូលាយ និងជំរុញការចូលរួមក្នុងកិច្ចការពារកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

លោកបានបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកជំនាន់ទី៦នាព្រឹកនេះក៏បានសបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនក្នុងផ្នែកកម្មសិទ្ធិបញ្ញា ដែលក្រសួងពាណិជ្ជកម្មទទួលបន្ទុក ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ការសម្របសម្រួលដោះស្រាយវិវាទ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងងាយស្រួល៕/PC