ដោយៈ ជា សីហៈ/ភ្នំពេញៈ អគ្គនាយកដ្ឋានកសិកម្មបានអះអាងថា ក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំស្រូវសម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ដោយផ្តល់បរិមាណផលសរុប ១១,៦២លានតោន។

ប្រភពដដែលបានអះអាងថា លើសពីនេះទៀត ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា យើងបានផ្គត់ផ្គង់គ្រាប់ពូជស្រូវចំនួន ៦.៧១២តោន ដើម្បីចែកជូនគ្រួសាររងគ្រោះដោយធម្មជាតិនៅចំនួន ២២ខេត្ត។

ប្រភពដដែលបានបន្តថា ចំពោះផ្ទៃដីសាកវប្បកម្ម សម្រេចបាន២៧៥.៦២៥ហិកតា ផ្តល់បរិមាណផលសរុប ៤,៤២លានតោន និងបានចូលរួមផលិតគ្រាប់ពូជដំណាំបន្លែចំនួន ១៨,៣០តោន ហើយបានចែកជូនគ្រួសាររងគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤.៧២៥គ្រួសារ ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា។ ចំណែកដំណាំឧស្សាហកម្មសម្រេចបាន ១,៥៧ហិកតា ផ្តល់បរិមាណផល ១៨,៦៧លានតោន។ រីឯការនាំចេញមានវិញ្ញាបនបត្រមានចំនួន ៨,៦១លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨៨%៕/PC