ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលីស​នៅ​ប្រទេស​ប៊ុលហ្គារី​បាន​រក​ឃើញ​ឡាន​ដឹក​ទំនិញ​បោះបង់ចោល​មួយគ្រឿង ដែល​ផ្ទុក​សាកសព​ជន​ចំណាកស្រុក​១៨​នាក់ ដែល​ទំនងជា​ថប់ដង្ហើម​ស្លាប់​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយថា យោង​តាម​ព័ត៌មាន​បឋម រថយន្ត​ដឹក​ជន​ចំណាកស្រុក​ប្រហែល​៤០​នាក់ ហើយ​អ្នក​នៅ​រស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បីព្យា​បាល​បន្ទាន់​។​

​រថយន្ត​នេះ​ត្រូវបាន​ប្រទះឃើញ​ទុក​ចោល​នៅ​លើ​ផ្លូវ​ហាយវេ​ក្បែ​ររដ្ឋធានី​សូ​ហ្វី​យ៉ា (Sofia)​។ អ្នកបើកបរ​មិន​បាន​នៅ​ទីនោះ​ទេ ប៉ុន្តែ​ប៉ូលិស​បាន​រកឃើញ​អ្នកដំណើរ​នៅ​ក្នុង​បន្ទប់សម្ងាត់​មួយ​នៅក្រោម​ឈើ​។​

​អាជ្ញាធរ​មិន​បាន​ផ្តល់​សញ្ជាតិ​ជន​ចំណាកស្រុក​ភ្លាមៗ​ទេ​តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៊ុលហ្គារី​បាន​រាយការណ៍​ថា ពួកគេ​ទាំងអស់​មក​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ប៊ុលហ្គារី លោក អាស​សេន មេ​ដ​ហ្ស៊ី​ឌី​វ (Assen Medzhidiev) បាន​និយាយថា អ្នក​នៅ​រស់រាន​មានជីវិត​ភាគច្រើន​កំពុង​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ខ្លាំងណាស់​។​

​លោក​ម៉េដ​ហ្ស៊ី​ឌី​វ​បាន​និយាយថា “​ពួកគេ​បាន​រង​ការខ្វះ​អុកស៊ីសែន សម្លៀក​បំពាក់​របស់​ពួកគេ​សើម ពួកគេ​ត្រជាក់​កក ហើយ​ជាក់ស្តែង​មិន​បាន​បរិភោគ​ច្រើន​ថ្ងៃ​មកហើយ​”​។​

​ប៊ុលហ្គារី ជា​ប្រទេស​នៅ​តំបន់​បាល់​កង់​មាន​ប្រជាជន​ចំនួន ៧ លាន​នាក់ មាន​ទីតាំង​ស្ថិត​នៅលើ​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ជន​ចំណាកស្រុក​ពី​មជ្ឈិមបូព៌ា​និង​អា​ហ្វ​ហ្គានី​ស្ថាន​ទៅកាន់​អឺរ៉ុប​។​

​ពួកគេ​តិចតួច​ណាស់​មាន​គម្រោង​ស្នាក់នៅ​ក្នុង​សមាជិក​ក្រីក្រ​បំផុត​របស់​សហភាព​អឺរ៉ុប​មួយ​នេះ​ដោយ​ប្រើប្រាស់​ប៊ុលហ្គារី​ជា​ច្រករបៀង​ឆ្លងកាត់​នៅ​ផ្លូវ​ឆ្ពោះទៅ​លោកខាងលិច​ជំនួស​វិញ​។​

​ដើម្បី​ទប់ស្កាត់​មនុស្ស​កុំឱ្យ​ចូល​ប្រទេស​ដោយ​ខុសច្បាប់ រដ្ឋាភិបាល​ប៊ុលហ្គារី​បាន​សាងសង់​របងលួស​បន្លា​តាម​បណ្តោយ​ព្រំដែន​ប្រវែង​២៥៩ គីឡូម៉ែត្រ​របស់ខ្លួន​ជាមួយ​តួ​ក​គី​។ ប៉ុន្តែ​ជន​បរទេស​ដែល​ភៀសខ្លួន​ចេញ​ពី​ភាពក្រីក្រ​ឬ​ជម្លោះ​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ អាច​ចូល​បាន​ដោយ​មាន​ជំនួយ​ពី​អ្នករត់ពន្ធ​មនុស្ស​ក្នុងស្រុក​៕

ប៉ូលីស​កំពុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​ឡាន​ដឹក​ទំនិញ ដែល​គេបោះបង់​ចោល នៅ​ប៊ុលហ្គារី