​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុណ្យ​ខា​នី​វ៉​ល (Carnival)​របស់​ប្រេ​ស៊ីល​ត្រឡប់​មក​វិញ​ហើយ​។

​ឈុត​សម្លៀកបំពាក់​ភ្លឺ​ចែងចាំង​និង​ឡូយឆាយ​ត្រូវបាន​រៀបចំ​ជា​ថ្មី​ម្តងទៀត​។ បទ​ចម្រៀង Samba បាន​បន្លឺ​ឡើង​រហូត​ដល់​ភ្លឺ​នៅ​ទីលាន​ដង្ហែ​ក្បួន​ដែល​លក់​សំបុត្រ​ចូលរួម​ដាច់​អស់រលីង​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ជែ​នី​រ៉ូ (Rio de Janeiro)​។ ពិធីជប់លៀង​រាប់រយ​បាន​ធ្វើ​ពេញ​ដងផ្លូវ​។ ហើយ​សហគមន៍​វណ្ណៈ​កម្មករ​មាន​ក្តី​រំភើ​បទាំង​ខាង​អារម្មណ៍​និង​សេដ្ឋកិច្ច​ដោយ​ការ​ប្រារព្ធ​បុណ្យ​ហែ​ក្បួន​នេះ​សាជាថ្មី​។​

​ជំងឺ​រាតត្បាត​កូវី​ដ​១៩​កាលពី​ឆ្នាំមុន​បាន​ជំរុញ​ឱ្យ​ទីក្រុង​រី​យ៉ូព​ន្យា​រពេល​ពិធីបុណ្យ​ខា​នី​វ៉​លពីរ​ខែ ហើយ​បាន​កាត់បន្ថយ​ភាពសប្បាយ​រីករាយ​មួយចំនួន ដែល​ចូល​រួម​ភាគច្រើន​ដោយ​អ្នកស្រុក​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​សហព័ន្ធរ​បស់​ប្រេ​ស៊ីល​រំពឹងថា មនុស្ស​៤៦​លាន​នាក់​នឹង​ចូលរួម​ពិធីបុណ្យ​ដែល​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​កុម្ភៈ​និង​ដំណើរការ​រហូត​ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ​។ នោះ​រាប់​បញ្ចូល​ទាំង​ភ្ញៀវ​ទៅ​កាន់​ទីក្រុង​នានា ដែល​បាន​ធ្វើឱ្យ​ពិធីបុណ្យ​ខា​នី​វ៉​ល​មាន​ភាពល្បីល្បាញ​លើ​ពិភពលោក ជា​ពិសេស​ទីក្រុង​រី​យ៉ូ ប៉ុន្តែ​ក៏​មាន​ទីក្រុង​សាល់​វ៉ា​ឌឺ (Salvador) ទីក្រុង​រី​ស៊ី​ហ្វេ (Recife) និង​ទីក្រុង​សៅ​ប៉ូ​ឡូ (Sao Paulo)​ផងដែរ ដែល​ថ្មីៗ​នេះ​បាន​ក្លាយជា​ចំណុច​ពេញនិយម​បំផុត​។​

​អភិបាលក្រុងប្រេ​ស៊ីល​ជា​ច្រើន រួម​ទាំង​អភិបាល​ក្រុង​រី​យ៉ូ​បានចាប់ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​កាលពី​ថ្ងៃ​សុក្រ ដោយ​ប្រគល់​សោ​ជា​និមិត្តរូប​ដល់​ទីក្រុង​របស់​ពួក​គេ​និង​ទៅកាន់​ស្តេច​ខា​នី​វ៉​ល​របស់​ពួកគេ​។ ហើយ​ពិធី​ជប់លៀង​តាម​ដងផ្លូវ​ដំបូងបង្អស់​នៃ​ពិធី​បុណ្យ​ខា​នី​វ៉​ល​ចុង​សប្តាហ៍​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​សម្លៀក​បំពាក់​ប្លែកៗ​របស់​អ្នកចូលរួម ដែល​មាន​ចាប់ពី​ឈុត​សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​រហូត​ដល់​ឈុត​បិសាច​៕

​បុណ្យ​ខា​នី​វ៉​ល​នៅ​ប្រេ​ស៊ីល​ធ្វើ​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃទី​២២​កុម្ភៈ