ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តលើគម្រោងការងារជួសជុលកែលម្អ និងពង្រីកកំណាត់ផ្លូវជាតិ លេខ៥៣ ដែលនៅសល់ប្រវែង ២.២៧០ ម៉ែត្រ ដើម្បីពង្រីកឱ្យបានធំ សំដៅសម្រួលដល់ ការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋ ហើយកំណាត់ផ្លូវនេះ គ្រោងនឹងធ្វើឲ្យបាន រួចរាល់ នៅមុនរដូវវស្សាមកដល់។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងការងារជួសជុលពង្រីកកំណាត់ផ្លូវជាតិ លេខ៥៣នេះ បានចាប់ផ្ដើមដំណើរការជួសជុល និងពង្រីក ចាប់ពីចំណុចឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ដោយចាប់ពីថ្ងៃទី២៨ ធ្នូ ២០២២ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១+៧០០ ដល់គីឡូម៉ែត្រលេខ២+១៧០ និងពីចន្លោះគីឡូម៉ែត្រលេខ៦+២ ៥០ ដល់គីឡូម៉ែត្រលេខ ៨+០៥០ ក្នុងគម្រោង ផ្លូវនេះ គឺក្រាលកៅស៊ូ ២ ជាន់ (DBST) មានប្រវែង ២.២៧០ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចិញ្ចើមផ្លូវចាក់ដីល្បាយថ្មសងខាង (ម្ខាង១ម៉ែត្រ) សាងសង់លូមូលកាត់ទទឹងផ្លូវ ដោយមុខកាត់១ម៉ែត្រ ហើយគ្រោង នឹងបញ្ចប់ នៅមុនរដូវភ្លៀងមកដល់។

លោកប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ផ្លូវជាតិលេខ ៥៣ ដែលឆ្លងកាត់ទឹកដី ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងការគ្រប់គ្រង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គឺមានប្រវែងជា ៧០ គីឡូម៉ែត្រ ដោយចាប់ចេញពី ក្រុងកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

ដោយឡែក គម្រោងនៃការជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលក្រុមការងារ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងតែដំណើរការជួសជុល ខាងលើនេះ បើកុំឱ្យមានភ្លៀងធ្លាក់ជោកជាំ ពីមុន ដែលធ្វើឲ្យមានការរំខាន ដល់ការងារ ជួសជុលនោះ ផ្លូវនេះ នឹងត្រូវរួចរាល់ក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ ក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវជាតិលេខ៥៣ ដែលបច្ចុប្បន្ន មានការលំបាកក្នុងការធ្វើដំណើរខ្លះៗ នៅចំណុចដែលកំពុងតែដំណើរការជួស ជុលខាងលើនេះ ក៏សូមមេត្តាយោគយល់ ដល់ក្រុមការងារ ដែលកំពុងធ្វើការងារ នៅលើកំណាត់ផ្លូវ ខាងលើនេះ ដោយក្តីអនុគ្រោះ មិនយូរនោះទេ ត្រឹមតែរយៈពេល ៥ ខែទៀតប៉ុណ្ណោះ យើងនឹងបានផ្លូវជាតិលេខ៥៣ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូន ចាប់ពីក្រុងកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ ដោយមិនមានការរំខាននោះឡើយ៕/V/R