ដោយៈ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា/កំពង់ចាម៖នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រារព្ធពិធីបុណ្យដាលាន បន្ទាប់ពីបានបញ្ចប់ការច្រូតកាត់ និង ប្រមូលផលស្រូវទុកក្នុងជង្រុកស្រូវរបស់ខ្លួន។ ពិធីបុណ្យដាលានដែលត្រូវបាន ធ្វើឡើងនៅកណ្ដាលវាល ស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ត្រូវបានចូលរួមដោយលោក សៀង ស៊ីថាន ក្រុម ប្រឹក្សាឃុំគគរ, លោក តុង សុភា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, អ្នករស់រាន មានជីវិតពីរបបខ្មែរក្រហម, ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងយុវជន-យុនារីជាច្រើន ទៀត។

ពិធីបុណ្យដាលាន រួមបញ្ចូលកម្មវិធីពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបប ខ្មែរក្រហម​,ការហូបអាហារជុំគ្នា,ការទស្សនាពិព័រណ៍រូបភាពដែលបង្ហាញអំពីការធ្វើការហួសកម្លាំងនិងគ្មានអាហារហូបគ្រប់គ្រាន់ និងការចាក់បញ្ចាំងវីដេអូឯកសារ។

ជាកិច្ចចាប់ផ្ដើម លោក សៀង ស៊ីផាន ក្រុមប្រឹក្សាឃុំគគរ ថ្លែងអំពីសារៈសំខាន់ការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហម និងការថែរក្សា មានសន្តិភាពបច្ចប្បន្ន។ លោកក្រុមប្រឹក្សាឃុំបន្ត រំឭកអំពីរឿងរ៉ាវដែលខ្លួនបានឆ្លងក្នុងរបបខ្មែរក្រហម ដូចជា៖ ការធ្វើការងារហួសកម្លាំង ការរស់នៅឃ្លាតឆ្ងាយពីគ្រួសារ ការអត់ឃ្លាន និងការកាប់សម្លាប់។ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិគគរ លើកឡើងថា ការប្រារព្ធពិធីបុណ្យដានលាននេះត្រូវបានធ្វើឡើងជារៀង រាល់ឆ្នាំ ដែលអ្នកភូមិរស់នៅភូមិចំការសាមសិប ឃុំគគរចម្អិនអាហារនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃដើម្បីសម្ដែងការដឹងគុណដល់ម្ចាស់ទឹកម្ចាស់ដីថែរក្សាដំណាំស្រូវអស់រយៈពេល១ឆ្នាំ។

លោក សុភា បាន បន្ថែមថា៖ «យើងមិនអាចបំភ្លេចផងដែរថា វាលស្រែនេះក៏ជាកន្លែងដែលមានមនុស្សស្លាប់ក្នុងរបបខ្មែរ ក្រហម ដូច្នេះយើងសូមឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងពេលនោះ។» ជាចុងបញ្ចប់ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារ កម្ពុជាបានលើកឡើងពី សារៈសំខាន់នៃការចូលរួមរបស់សហគមន៍ទាំងមូលក្នុងការថែរក្សាការចងចាំអំពីរឿងរ៉ាវកើតឡើងក្នុងរបបខ្មែរក្រហមសម្រាប់ក្មេងជំនាន់ក្រោយ។ ពិធីបុណ្យដាលានបានចាប់ផ្ដើមនៅ វេលាម៉ោង៩ព្រឹក និងបញ្ចប់នៅវេលាម៉ោង៩យប់៕សរន