ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងជិត១០យប់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោង និងទីតាំងលក់រថយន្ដដែលដាក់ម៉ូតូ និងរបងដែករំលោភលើចិញ្ចើមផ្លូវសាធារណ: ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ព្រមទាំងធ្លាប់ធ្វើកំណត់ហេតុណែនាំច្រើនលើករួចមកហើយដែរ ។
មន្ត្រីអាជ្ញាធរឱ្យដឹងថា៖ក្នុងប្រតិបត្តិការខាងលើនេះជាលទ្ធផល: នៅចំណុច២១៧ កែង១៣៩ សង្កាត់អូរឬស្សីទី២ ដកហូតម៉ូតូចំនួន ៤៧គ្រឿង។ នៅលើផ្លូវ១៤០ សង្កាត់មនោរម្យ ដកហូតម៉ូតូចំនួន ០៣គ្រឿង។នៅផ្លូវ១៣៨ កែង២១៥ សង្កាត់វាលវង់ ដកហូតរបងដែកចំនួន ៩ផ្ទាំង ។ មន្ត្រីបន្តថាចំពោះម៉ូតូ និងសម្ភារៈដែលដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករា ៕/R