ដោយ:ប្ញទ្ធីស័ក្តិ/ភ្នំពេញ: ប្រជាពលរដ្ឋដែលទិញ និងបង់រំលស់ផ្ទះជាមួយបុរី វីអាយភី (VIP) ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ានៅមុខការិយាលក់បុរី វីអាយភី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ការតវ៉ានេះ ក្នុងគោលបំណងដើម្បីឲ្យអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងរកដំណោះស្រាយឲ្យពួកគាត់។
បើតាមប្រជាពលរដ្ឋដែលតវ៉ាបានបញ្ជាក់ថា ការនាំគ្នាមកប្រមូលផ្តុំតវ៉ានៅមុខការិយាលក់បុរី វីអាយភី ខេត្តព្រះសីហនុ គឺដោយសារតែខាងភាគីក្រុមហ៊ុនគ្មានដំណោះស្រាយឲ្យពួកគាត់ ដែលបានទិញ ឬបង់រំលស់កន្លងមក ។ ហើយការសាងសង់មិនដំណើរការ ប៉ុន្តែក្រុមហ៊ុនទាមទារឲ្យពួកគាត់ធ្វើការបង់លុយជារៀងរាល់ខែ រហូតមានមួយចំនួនធំ គឺបានបង់ដាច់ និងមួយចំនួនទៀត បានបង់ចន្លោះពី៦០ ទៅ៨០ភាគរយ។ ប៉ុន្តែខាងភាគីក្រុមហ៊ុន បុរីវីអាយភី នៅតែមិនមានការសាងសង់ និងដំណោះស្រាយជូនពួកគាត់នោះទេ។
ប្រជាពលរដ្ឋបានបន្តថា ដោយឡែក Zone C ដែលកំពុងស្ថិតក្នុងទំនាស់ស្រាប់ តែមានការសាងសង់របងបិទ ដោយហេតុមានការតវ៉ាកន្លងមកនៅតែមិនមានដំណោះស្រាយ ជាក់ស្តែងដូចនៅថ្ងៃនេះប្រជាពលរដ្ឋដែលរងគ្រោះ បានប្រមូលផ្តុំគ្នាមកតវ៉ាដើម្បីឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយជាក់លាក់ណាមួយជូនពួកគាត់។
ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ គឺមិនមែនជាលើកទី១ ទេ គឺបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ តែមិនមានដំណោះស្រាយទេ។
ទាក់ទងករណីខាងក្រុមហ៊ុន បុរី វីអាយភី ខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបានទេ៕សរន