ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស៊ីន​ហួរ​)៖​អ្នកការទូត​កំពូល​របស់​ចិន​លោក​វ៉ាង យី បាន​និយាយ​នៅក្នុង​សន្និសីទ​ក្រុង​មុយ​និច​កាលពី​ថ្ងៃ​សៅរ៍ថា ចិន​«​មិន​ឈរ​ឳ​ប​ដៃ​មើល និង​ក៏​មិន​ជះ​ប្រេង​លើ​ភ្លើង​»​ចំពោះ​វិបត្តិ​នៅ​អ៊ុ​យក្រែន ហើយ​បន្ត​អំពាវនាវ​អោយ​មាន​កិច្ចចរចា​រក​សន្តិភាព​។​

​លោក​វ៉ាង ដែល​ជា​នាយក​ការិយាល័យ​នៃគណៈកម្មាធិកា​រ​កិច្ចការ​បរទេស​របស់​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កុំម្មុយនីស្ត​ចិន បាន​និយាយថា​« ខ្ញុំ​ស្នើថាគ្រប់​គ្នា​ចាប់ផ្តើម​គិតគូរ​ដោយ​ចិត្ត​ត្រជាក់ ជាពិសេស​មិត្ត​ភ័ក្តិ​នៅ​អឺរ៉ុប អំពី​អ្វី​ដែល​ជា​កិច្ចខិតខំ​របស់​យើង​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​»​។​

​ដោយ​មិន​បាន​បញ្ជាក់ថា​ជា​នរណា​ លោក​បាន​បន្ថែមថា​«​មាន​កម្លាំង​ខ្លះ​ទំនងជា​មិន​ចង់​ចរចា​ដើម្បី​ឈាន​ទៅ​រក​ជោគជ័យ ឬក៏​ដើម្បី​អោយ​សង្គ្រាម​ចប់​ឆាប់ៗ​ទេ​» ។«​ចិន​នឹង​ដាក់​ចេញ​ជំហរ​របស់​ខ្លួន​ស្តីពី​ការដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​នៅក្នុង​ឯកសារ​មួយ​ដែ​ល​នឹង​ចែង​ថា​បូរណភាព​ទឹកដី​របស់​ប្រទេស​ទាំងអស់​ត្រូវតែ​គោរព»​។​

​អតីតរដ្ឋមន្ត្រី​ការបរទេស​ចិន​រូបនេះ​បាន​កត់សំគាល់ថា សំរាប់​អោយពិភពលោក​មួយ​មាន​សុវត្ថិភាព​ឡើង គោលបំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​គួរ​ត្រូវ​លើកតម្កើង​។​ចលាចល​និង​ជម្លោះ​ញាំញី​ពិភពលោក​នា​ពេល​នេះ​កើត​ឡើង​ដោយសារតែ​គោលបំណងនិង​គោលការណ៍​នេះ​មិន​ត្រូវបាន​គោរព​ពិតៗ​។​

​លោក​បាន​ពន្យល់ថា ការពង្រីក​ការប្រឈមមុខ​ផ្នែក​មនោគមវិជ្ជានិង​បង្កើត​ប្លុក​ប្រឆាំង​គ្នា​វាគ្រោះថ្នាក់​ដល់​សាមគ្គីភាព​អន្តរជាតិ​និង​រារាំង​កិច្ចសហការ​ពិភព​លោកហើយ​ការនិយាយ​បំប៉ោង​អំពី​ការ​គំរាម​សន្តិសុខ​ហើយ​ពន្យុះ​អោយមាន​ភាព​តានតឹង​វា​បំផ្លាញ​ជំនឿ​ទុកចិត្ត​គ្នា ហើយ​រុញ​ហានិភ័យ​នៃ​ការគិតគូរ​ខុស​អោយកាន់តែកើនឡើង។​

​លោក​វ៉ាង ក៏​បាន​បញ្ជាក់ថា ឥឡូវ​គ្រប់គ្នា​ត្រូវ​គិត​ផលប្រយោជន៍​ធំ ដោយ​ដាក់​គោលបំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​លើ​ផល​ប្រ​យោជន៍​ផ្ទាល់ខ្លួន​ហើយ​រួមគ្នា​ធ្វើការ​ដើម្បី​ប្រឆាំង​គំនិត​សង្គ្រាមត្រជាក់​ ប្រឆាំង​ការប្រឈមុខ​គ្នា​រវាង​ប្លុក​។​

​នៅពេល​ត្រូវ​បាន​សួរ​អោយ​បញ្ជាក់ថាតើសកម្មភាព​យោធា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់នឹង​មិន​កើនឡើង​ទេឬ លោក​វ៉ាង​បាន​និយាយថា​«​កងកម្លាំង​ទាមទារ​ឯករាជ្យ​»​តៃវ៉ាន់​មិន​ត្រូវ​គ្នា​ជាមួយ​សន្តិភាព​ទេ​។​«​បើ​យើង​ចង់​រក្សា​សន្តិភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ យើង​ត្រូវតែ​ប្រឆាំង​ឯករាជ្យភាព​តៃវ៉ាន់ ហើយ​យើង​ត្រូវ​តែ​រក្សា​គោ​លន​យោ​បាយ​ចិន​មួយ​»​។​

​លោក​បាន​ព្រមាន​ថា ការរំលោភ​ណា​មួយ​លើ​គោលការណ៍​ចិន​មួយ​អំពី​បញ្ហា​តៃវ៉ាន់ និង​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បង្កើត​អ្វីដែល​ហៅថា​«​ចិន​មួយ តៃវ៉ាន់​មួយ​»ឬ​«​ចិន​ពីរ​»​ជា​ការរំលោភ​ទាំងស្រុង​ចំពោះ​បូរណភាព​ទឹកដី​ចិន​ហើយ​បង្ក​ការគំរាម​ជាក់ស្តែ​ង​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​។​«​ចិន​នឹង​ទប់ស្កាត់​ជាដាច់ខាត​អំពើ​ផ្តាច់ខ្លួន​និយម​និង​ការជ្រៀតជ្រែក ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​»៕

​វ៉ា​ង​បាន​កត់សំគាល់ថា ដើម្បី​ពិភពលោក​មួយ​មាន​សុវត្ថិភាព​ឡើង រាល់​ជម្លោះ​គួរ​ត្រូវ​ដោះស្រាយ​តាម​ការចរចា​និង​ប្រឹក្សា​យោបល់​គ្នា​