ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឲ្យក្រសួងសុខាភិបាល រៀបចំកន្លែងសម្រាកព្យាបាល នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនឝិតកម្រៃនោះកីឡាករ កីឡាការិនី និងមន្ត្រីសហព័ន្ធ មានក្ដីរីករាយ និងដឹងគុណយ៉ាងខ្លាំង។
អ្នកប្រដាល់ ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាម បាននិយាយថា: ខ្ញុំពិតជាមានក្ដីរំភើប និងសប្បាយរីករាយ ខ្លាំងណាស់ ដែលសម្ដេចតេជោ យកចិត្តទុកដាក់ ដល់កីឡាករ កីឡាការិនីគ្រប់ៗរូប តាមរយ:ការផ្ដល់ការព្យាបាល ដោយមិនគិតថ្លៃ ក្នុងពេលមានរបួស។នេះជាការលើកទឹកចិត្តដ៏ធំមួយ ដល់អត្តពលិកកម្ពុជា ឲ្យកាន់តែមានការតាំងចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ ដើម្បីប្រជែងមេដាយស៊ីហ្គេម។
កីឡាការិនីវ៉ូវីណាមជម្រើសជាតិ ប៉ាល់ ឆរស្មីក៏បាននិយាយដែរថាៈ បន្ទាប់ពីបានឃើញសំណេររបស់សម្ដេចតេជោ បង្ហោះកាលពីព្រឹកថ្ងៃទី១៥ កុម្ភ: នាងខ្ញុំពិតជាសប្បាយរីករាយ និងមានការកក់ក្ដៅ កាន់តែខ្លាំង ពិសេសប្រភេទកីឡាប្រដាល់ ទាំងសកល ទាំងគុនខ្មែរ ហើយប្រភេទកីឡាមួយចំនួនទៀត ក៏សុទ្ធតែប្រឈមនឹងគ្រោះថ្នាក់ដូចគ្នា។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡា Kick-Boxing កម្ពុជា កីឡាប្រយុទ្ធប្រឈមនឹងគ្រោះថ្នាក់ច្រើន ក្រោយពីសម្ដេចតេជោ ប្រកាសសម្រាកព្យាបាល ដោយមិនគិតកម្រៃបែបនេះទាំងអត្តពលិក មន្ត្រីដឹកនាំ មានក្ដីរីករាយ និងដឹងគុណជាខ្លាំង។
អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក កែវ សារ៉េត បានមានប្រសាសន៍ថា: យើងពិតជារំភើបរីករាយខ្លាំង កីឡាករ កីឡាការិនី បាល់ទាត់ ពិតជាមានមោទនភាពចំពោះការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដោយក្ដីមនុស្សធម៌នេះ៕ V / N