ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី៣ ក្នុងខែកុម្ភៈនេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ រួមមាន ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ រួមទាំងការសម្រេចរបស់ក្រសួងព័ត៌មាន លុបចោលអាជ្ញាបណ្ណវិទ្យុ វីអូឌី(VOD) ដោយសារតែផ្សាយព័ត៌មានមិនពិត ហើយមិនព្រមកែតម្រូវ។

១- សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឡាវ ៖
កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ មុនជំនួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនំាឡាវ និង​អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាទ្វេភាគី កម្ពុជា-ឡាវ សម្តេចតេជោ បានអញ្ជើញជួបសំណេះ សួរសុខទុក្ខ​និស្សិត​កម្ពុជា ចំនួន ៨៦រូប ដែលកំពុងសិក្សា នៅប្រទេសឡាវ។

២- ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់វិទ្យុ VOD ជាផ្លូវការ

នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រសួងព័ត៌មាន បានចេញលិខិត សម្រចលុបអាជ្ញាប័ណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD។ ការសម្រច​លុបអាជ្ញាប័ណ្ណនេះ ដោយសារតែរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន អះអាងថា វិទ្យុ VOD បានផ្សាយរំលោភយ៉ាងធ្ងន់ធ្ងរលើ​វិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយ VOD មិនព្រមធ្វើការ​កែសម្រួល តាមបទប្បញតិ្តច្បាប់ ស្តីពី របបសារព័ត៌មាន។

៣-សម្តេចតេជោ ហ៊ុន សែន វិលត្រលប់មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅឡាវពីរថ្ងៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីសម្តេច បានបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ រយៈពេលពីរថ្ងៃ ដោយជោគជ័យ។

៤- សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់អតីតបុគ្គលិកវិទ្យុ VOD បើមានបំណងបម្រើការងាររដ្ឋ

បន្ទាប់ពីវិលត្រឡប់ពីឡាវ មកដល់ភ្នំពេញវិញភ្លាម កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានប្រកាស សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ VOD ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិក ដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូន ដែលមានបំណងចូលបម្រើ កិច្ចការរដ្ឋ”។ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ មានបុគ្គលិកវិទ្យុ VOD ចំនួន៨នាក់ បានដាក់ពាក្យស្នើសុំចូលធ្វើការងាររដ្ឋ។ សម្តេចតេជោ បានកំណត់ថ្ងៃឱសានវាទចុងក្រោយ ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃចុងក្រោយ ដែលរាជរដ្ឋា​ភិបាល ទទួលបុគ្គលិកវិទ្យុ VOD ចូលធ្វើការក្នុងក្របខ័ណ្ឌរដ្ឋ។

៥- ក្រសួងការបរទេសកម្ពុជា ច្រានចោលការព្រួយបារម្ភនានា ចំពោះចំណាត់ការលើវិទ្យុ វីអូឌី

កាលពីថ្ងៃទី១៤កុម្ភៈ ក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលទាំងស្រុង ចំពោះការព្រួយបារម្ភនានា ទាក់ទងនឹងការដកហូតអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់វិទ្យុ វីអូឌី(VOD)។ ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីអ្នកកាសែត សង្គមស៊ីវិល និងស្ថានទូតមួយចំនួន បានស្នើឲ្យរដ្ឋាភិបាល ត្រួតពិនិត្យ និងពិចារណាឡើងវិញ ចំពោះចំណាត់ការលើ VOD។

៦- យុទ្ធនាការ Beyond The games ចូលរួមចែករំលែកក្តីស្រលាញ់ តាមរយៈការបរិច្ចាគឈាម ដោយស័្មគ្រចិត្ត

យុទ្ធនាការ BeyondTheGames និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាក្តីស្រឡាញ់ បានសហការ រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទិវានៃក្ដីស្រលាញ់។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានធ្វើឡើង ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៤:០០ ល្ងាច នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

៧-ថ្ងៃ១៤កុម្ភៈ អ្នកលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ នៅតែបន្តចេញលក់ នៅតាមផ្លូវ

ផ្កា និងវត្ថុអនុស្សាវរីយ៍ ពិសេសកតុកត្តាជាច្រើនប្រភេទ នៅតែត្រូវបានដាក់លក់ នៅតាមផ្លូវនានា នៅភ្នំពេញ ក្នុងថ្ងៃ១៤កុម្ភៈ ដូចរៀងរាល់ឆ្នាំ។ ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗ គឺមានអ្នកទិញច្រើន។ អ្នកខ្លះទិញ សម្រាប់ជូនឪពុកម្តាយ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ព្រោះថ្ងៃបុណ្យនៃក្តីស្រឡាញ់ មិនមែនសម្រាប់តែគូស្នេហ៍នោះទេ គឺអាចផ្តល់សម្រាប់មនុស្សជាទីស្រឡាញ់គ្រប់គ្នា ដែលនៅជុំវិញខ្លួនយើង។ ប៉ុន្តែសកម្មភាពនៅថ្ងៃ១៤កុម្ភៈ ឆ្នាំនេះ មិនគគ្រឹកគគ្រេងពេកនោះទេ។ នេះអាចដោយសារប្រសិទ្ធភាព នៃវិធានការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ធ្វើឱ្យសង្គមមានការយល់ដឹងកាន់តែច្រើន ហើយក៏អាចជាការភ្ញាក់រឭករបស់យុវជនផង ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញភាពជ្រួលជ្រើមភ្លើតភ្លើនគគ្រឹកគគ្រេងរបស់យុវជន នៅថ្ងៃ១៤ កុម្ភៈ បានថយចុះ គួរឱ្យកត់សម្គាល់។ មន្ត្រី ដែលធ្វើការក្នុងវិស័យសង្គមកិច្ច បានលើកឡើងថា នេះគឺជាសញ្ញាវិជ្ជមាន ក្នុងសង្គមកម្ពុជាយើង។

៨-សម្តេចតេជោ បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល រៀបចំកន្លែងព្យាបាលកីឡាកររងរបួស ដោយមិនគិតប្រាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានណែនាំអោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាត់ចែងរៀបចំទីកន្លែង សម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ដោយឥតគិតថ្លៃ។ ការពិនិត្យព្យាបាលកីឡាករនេះ នឹងធ្វើឡើង នៅឯមន្ទីរពេទ្យជាតិតេជោសន្តិភាព។

៩- ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងភាពសម្បូរ​បែប​នៃវប្បធម៌

ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) បានអញ្ជើញមកបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦កុម្ភៈ។ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ច លោកប្រធានាធិបតី បានជួបពិភាក្សាការងារដាច់ដោយឡែក ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទី។ លោកប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការ​រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌។ លោកប្រធានាធិបតីអាល្លឺម៉ង់ ក៏បានវាយតំលៃខ្ពស់ពីកិច្ចសហការជាមួយកម្ពុជា លើការងារដោះមីន និងវិស័យវប្បធម៌ ផងដែរ។

១០- កម្ពុជា ត្រូវការថវិកាប្រមាណជា ៧០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម

គ្រាប់បែកចង្កោម គឺជាគ្រាប់បែក ត្រូវបានច្បាប់អន្តរជាតិ ហាមឃាត់ប្រើប្រាស់។ ទោះយ៉ាងណា វានៅតែត្រូវបានកងទ័ព​អាម៉េរិក ប្រើប្រាស់នៅក្នុងសង្គ្រាមឥណ្ឌូចិន លើកទី២។ នៅកម្ពុជា ត្រូវបានគេជឿថា អាម៉េរិក បានប្រើប្រាស់ប្រមាណជា ៣០លានគ្រាប់។ ក្នុងនោះ ប្រមាណជា ៦-៧លានគ្រាប់ នៅមិនទាន់ផ្ទុះ។ ហេតុនេះ កម្ពុជា ត្រូវការថវិកាប្រមាណជា ៧០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម។ នេះបើតាមអគ្គនាយកស៊ីម៉ាក។

១១-មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន សន្យាធ្វើការជាមួយកម្ពុជា ដោយស្មើភាពក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ

កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោកនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសជំនួបពិភាក្សា​ការងារទ្វេភាគី នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានសន្យាថា នឹងបន្តធ្វើកិច្ចសហការជាមួយកម្ពុជា ដោយស្មោះត្រង់ និងស្មើភាពក្នុងនាម ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

១២-សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល ប្រើស្តង់ដារពីរ ក្នុងរឿង ផែង វណ្ណៈ និងប្អូនស្រីថ្លៃ​សម្តេច

កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញប្រតិកម្ម ពាក់ព័ន្ធនឹងក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ដែលសម្តេច បានអះអាងថា បានប្រើស្តង់ដាពីរ លើករណីលោក ផែង វណ្ណៈ ដែលបានប្រមាថស្ត្រីជាអ្នកសារព័ត៌មាន និងការប្រមាថមកលើប្អូនថ្លៃរបស់សម្តេច ដែលបានទទួលមរណភាព កាលពី​ពេលថ្មីៗកន្លងមកនេះ។ ប្អូនថ្លៃស្រីរបស់សម្តេច ត្រូវបានប្រមាថពីសំណាក់អតីតមេដឹកនាំបក្សប្រឆំាង។ សម្តេចបាន​រំលឹកជាថ្មី ចំពោះអង្គការសង្គមស៊ីវិលទំាងនោះ ត្រូវឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត។

១៣- កម្ពុជា បញ្ចុះតម្លៃធ្វើតេស្តរកកូវីដ តាមម៉ាស៊ីន PCR ពី ១៣០ដុល្លារ មកត្រឹម ៥០ដុល្លារ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញលិខិតណែនាំដល់មន្រ្តីជំនាញ ដែលអ្នកទទួលបន្ទុកមន្ទីរពិសោធន៍ ដែលមាន​ការអនុញ្ញាតឱ្យចេញវិញ្ញាបនបត្រ បញ្ជាក់លទ្ធផលតេស្តកូវីដ១៩ នៅតាមរាជធានីខេត្ត ត្រូវកំណត់តម្លៃធ្វើតេស្ត និង​ចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលកូវីដ១៩ តាមម៉ាស៊ីន PCR មកត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេស ដែលនៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។

១៤- ក្រសួងអប់រំ ក្រើនរំលឹកជាថ្មីពីវិធានការលើកកម្ពស់សុវត្ថិភាពចំណីអាហារ តាមគ្រឹះស្ថានសិក្សារដ្ឋ-ឯកជន

នៅក្នុងសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា បានក្រើនរំលឹកសាជាថ្មី ពីវិធានការពង្រឹង និងអនុវត្តការលើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋ និងឯកជន។ នោះគឺក្រសួងអប់រំ បានផ្សព្វផ្សាយពីចំណី​អាហារជាច្រើន ដូចជា នំកញ្ចប់ ចាហួយ និងភេសជ្ជៈជាច្រើន ដែលមានហានិភ័យដល់សុខភាព ហើយត្រូវបានហាមឃាត់ មិនឱ្យលក់ចំណីអាហារទាំងនោះ នៅក្នុងសាលារៀនឡើយ។

១៥-សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបប​សន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ របបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ថ្មីនេះ ត្រូវអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ តាមសេចក្តីសម្រេច របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖ កម្រិត១ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០រៀល ក្នុង ១ខែ។ កម្រិត២ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១រៀល ដល់ត្រឹម ១លានរៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២ម៉ឺនរៀល ក្នុង ១ខែ។ កម្រិត៣ របបសន្តិសុខសង្គម ប្រចាំខែ ពី ១លាន ១រៀល ដល់ត្រឹម ១លាន ១ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១លាន ២ម៉ឺនរៀល ក្នុង ១ខែ។ កម្រិត ៤ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១លាន ១ម៉ឺន ១រៀល ឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន ១ម៉ឺនរៀល ក្នុង ១ខែ៕សរន