ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
បរិមាណ
(ប៉ៈរ៉ិម៉ាន)
នាមសព្ទ
( បា. ) ការរាប់, ការគ្នេរមើលដោយសព្វគ្រប់, ប្រមាណ, ចំនួន
ផលិតផលស្រូវក្នុងឆ្នាំនេះ ឃើញថាមានបរិមាណលើសពីឆ្នាំមុនច្រើន មកពីមានទឹកភ្លៀងស្រួលផង កសិករក៏ធ្វើស្រែដោយយកចិត្តទុកដាក់ណាស់ផង ។
ផាឌិប
នាមសព្ទ
(ស. ផា “សំពត់” + ដិប អ. ថ. ឌិប “ឆៅ” ) សំពត់ឆៅ គឺសំពត់ដែលគេត្បាញដោយអំបោះឆៅ ឥតឲ្យបាយជូរ ( ត្បាញដោយគ្រឿងចក្រ ) ។ ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរ ប៉ុន្តែមានឲ្យបាយជូរផង, លុះចំណេរកាលតមក សំពត់បរទេសប្រភេទនេះ បានផ្សាយមកដល់ប្រទេសសៀមជាមុន សៀមហៅសំពត់នេះថា ផាឌិប, លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជា ខ្មែរក៏ហៅ ផាឌិប តាមសៀម ។ លុះចំណេរកាលបន្ទាប់ពីនោះមក, មានសំពត់សបរទេសមួយប្រភេទផ្សេងទៀត សាច់ម៉ដ្ឋល្អជាងផាឌិប បានផ្សាយចូលមកដល់កម្ពុជរដ្ធ ខ្មែរក៏ហៅសំពត់សប្រភេទក្រោយថា សំពត់ទេស ( ព្រោះមកពីបរទេសឬពីប្រទេសក្រៅ ), លុះតៗតាមលំដាប់កាលមកទៀត សំពត់ទេសនោះកាន់តែមាន ច្រើនបែបមក, សំពត់ទេសណាដែលល្អជាងមុន ខ្មែរក៏ហៅសំពត់នោះថា ទេសឯក, ទេសឯកនេះក៏កាន់តែមានច្រើនបែបឡើង ឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល ដូចជា ទេសឯកសំបកទទិម, ទេសឯកផ្កា ជាដើម ។ លុះដល់មកសម័យ សង្គមរាស្ត្រនិយម ដែលមានសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន ជាព្រះប្រមុខរដ្ឋ ក៏កើតមាន រោងចក្រវាយនភណ្ឌ ( រោងចក្រត្បាញសំពត់ ) កើតបន្តគ្នាច្រើនៗឡើង, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាល មានឈ្មោះថា សំពត់សង្គមរាស្ត្រនិយម, ឬហៅកាត់ខ្លី សំពត់សង្គម ប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក ។ ល ។
ពង
កិរិយាសព្ទ
(ជានាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់
ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្ដុល ។
បង្កើតពង, បញ្ចេញស៊ុត
មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
នាមសព្ទ
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្ដុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន
ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្តើក, ពងទន្សង, ពងក្រពើ…( ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ ) ។
ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាស បើមានតែមួយដុំ ហៅ ពងត្មោល ( ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ ) ។ ពងក្ដ ន. ( ព. អា. ) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថាបញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ( ជាសម្ដីពុំគួរប្រើ ) ។
ភក្សា
(ភ័ក-សា)
នាមសព្ទ
(សំ. ភក្ស ជា កិ. “បរិភោគ, ស៊ី”; ភក្សណ ជា ន. “ការបរិភោគ, ការស៊ី” ; បា. ភក្ខ, ភក្ខណ ) ចំណី
ខ្លាមានសាច់ស្រស់ជាភក្សា ។
មច្ឆណ្ឌសញ្ញា
(ម័ច-ឆន់-ឌៈស័ញ-ញ៉ា)
នាមសព្ទ
(បា. មច្ឆ ” ត្រី ” + អណ្ឌ ” ពង ” + សញ្ញា ” គ្រឿងសម្គាល់ ” ) ឈ្មោះវណ្ណយុត្ដិជាសញ្ញាមួយប្រភេទ ជាចំណុចមានសណ្ឋានដូចពងត្រី ( . . . ) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗ ឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ ” ជាដើម ”
សាលារៀនខ្ញុំមានតុ, ទូ, កៅអី . . .; ត្រូវយកប្រដាប់ប្រដាឲ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម . . . ។