ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គណៈកម្មាការ​ក្រសួងយុត្តិធម៌​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​កុម្ភៈ​បាន​ស្នើ​ឱ្យ​បង្កើន​អាយុ​អាច​រួម​ភេទ​បាន​សំរាប់​ប្រជាជន​របស់​ប្រទេស​នេះ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ចំណោម​កម្រិត​ទាប​បំផុត​របស់​ពិភពលោក​គឺ​ត្រឹម ១៣​ឆ្នាំ ជា​ផ្នែក​នៃ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៃ​ច្បាប់​ស្តី​ពី​បទល្មើស​ផ្លូវភេទ​។​

​ចំណាត់ការ​ដើម្បី​បង្កើន​អាយុ​អាច​រួម​ភេទ​បាន​ដល់ ១៦​ឆ្នាំ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​កំណែទម្រង់ ដែល​នឹង​បញ្ជាក់​ផង​ដែរ​អំពី​តម្រូវការ​នៃ​ការដាក់ទោស​ករណី​រំលោភ​សេព​សន្ថវៈ និង​បទល្មើស​លួច​មើល​គេ​ស្រាត​។​

​អនុសាសន៍ ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការដោះលែ​ង​ឱ្យ​មាន​សេរីភាព​ចំពោះ​ជន​រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់ ដែល​បង្ក​ឱ្យមាន​ការតវ៉ា ហើយ​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​សេចក្តីព្រាង​វិសោធនកម្ម ដែល​អាច​ត្រូវបាន​អនុម័ត​ដោយ​សភា​នៅ​ចុងឆ្នាំ​នេះ​។​

​អាយុ​អាច​រួម​ភេទ​បាន​របស់​ជប៉ុន ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ឧស្សាហកម្ម​G7 នៅតែ​មិន​ផ្លាស់ប្តូរ​ចាប់តាំងពី​ការអនុម័ត​របស់​វា​ក្នុង​ឆ្នាំ ១៩០៧​។​

​អាយុ​អាច​រួម​ភេទ​បាន​គឺ ១៦ ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​និង​កូរ៉េខាងត្បូង ១៥ ឆ្នាំ​នៅ​បារាំង​និង ១៤ ឆ្នាំ​នៅ​អាល្លឺម៉ង់​និង​ចិន​។​

​នៅក្រោម​ច្បាប់​របស់​ជប៉ុន​បច្ចុប្បន្ន កុមារ​ដែល​មាន​អាយុ​យ៉ាងតិច​១៣ ឆ្នាំ​ត្រូវបាន​ចាត់ទុក​ថា​មាន​សមត្ថភាព​ក្នុង​ការយល់ព្រម​រួមភេទ ចឹង​មានន័យថា សកម្មភាព​ផ្លូវ​ភេទ​ជាមួយ​ពួកគេ​មិន​ត្រូវបាន​ចាត់ទុក​ថា​ជា​ការរំលោភ​នោះ​ទេ​ក្នុងន័យ​ច្បាប់​។​

​នេះ​មានន័យថា សូម្បី​តែ​ក្មេង​ជំទង់ ដែល​រួចផុត​ពី​ការរំលោភ​សេពសន្ថវៈ ក៏​ប្រឈម​មុខ​នឹង​ការឡើង​សវន​ការកាត់ក្តី​ដូច​មនុស្ស​ពេញវ័យ​ដែរ​។​

​នៅក្នុង​ការអនុវត្ត បញ្ញត្ដិ​ក្នុង​តំបន់​ដែល​ហាមប្រា​មកា​រប្រ​ព្រឹត្តិ “​អាស​គ្រាម​” ជាមួយ​អនីតិជន ជួនកាល​ត្រូវ​គេ​មើលឃើញ​ដូច​បាន​បង្កើន​អាយុ​អាច​រួមភេទ​ជា​ធរមាន​ដល់ ១៨ ឆ្នាំ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ជប៉ុន​រួចទៅហើយ​។​

​ប៉ុន្តែ​បញ្ញត្តិ​ទាំងនោះ​មាន​ការពិន័យ​ស្រាល​ជាង​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ និង​ចាត់​ទុក​ការ​រួមភេទ​ជាមួយ​កុមារ​គ្រាន់តែ​ជា​ការប្រព្រឹត្ត “​គ្មាន​សីលធម៌​”ដោយ​លែង​រាប់​ចូល​នូវ​ចរិត​បែប​បង្ខំ​របស់​វា​ទាំងស្រុង នេះ​បើ​យោង​តាម​លោក កាហ្ស៊ូ​ណា កា​ណា​ជី​រី (Kazuna Kanajiri) ជា​សកម្មជន ដែល​ប្រយុទ្ធប្រឆាំង​នឹង​រឿង​អាសអាភាស​និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​លោក​កា​ណា​ជី​រី ដែល​ជា​ប្រធាន​អង្គការ​PAPS មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​និង​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើន​អាយុ​អាច​រួមភេទ​ដល់ ១៦​ឆ្នាំ បាន​និយាយថា រឿងនេះ​ទុក​ចន្លោះ​ប្រហោង​សម្រាប់​ជនល្មើស​ដើម្បី “​បង្វែរ​ការស្តីបន្ទោស​ទៅលើ​ជនរងគ្រោះ​និង​ប្រកែក​ថា ការរួម​ភេទ​ត្រូវបាន​ផ្តួចផ្តើម​ឬ​រីករាយ​ដោយ​កុមារ​”​។​

​គូស្នេហ៍​វ័យ​ជំទង់ ដែល​មាន​អាយុ​មិន​លើស​ពី​គ្នា​ប្រាំ​ឆ្នាំ នឹង​ត្រូវ​រួចផុត​ពី​ការកាត់ទោស ប្រសិនបើ​ដៃគូ​ទាំងពីរ​មាន​អាយុ​លើសពី ១៣ ឆ្នាំ​។​

​ជប៉ុន​បាន​កែប្រែ​ក្រម​ព្រហ្មទណ្ឌ​របស់​ខ្លួន​ស្តី​ពី​បទល្មើស​ផ្លូវភេទ​ក្នុង​ឆ្នាំ ២០១៧ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍ ប៉ុន្តែ​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយថា កំណែទម្រង់​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​។​

​ហើយ​ក្នុង​ឆ្នាំ ២០១៩ ការដោះលែង​ឱ្យ​មាន​សេរីភាព​ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ បាន​បង្ក​ឱ្យមាន​ការតវ៉ា​ទូទាំង​ប្រទេស​៕

​ការដោះលែង​ឱ្យ​មាន​សេរីភាព​ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ បាន​បង្ក​ឱ្យមាន​ការតវ៉ា​ទូទាំង​ប្រទេស

សិស្សជប៉ុនដាក់ញត្តិទៅក្រសួងយុត្តិធម៌សុំអោយដំឡើងអាយុអាចរួមភេទបានពី១៣ទៅ១៦ឆ្នាំ