ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ថ្លើម
នាមសព្ទ
អាការៈក្នុងខ្លួនមនុស្សសត្វ ដែលជាពួកប្រមាត់ បេះដូង។ ថ្លើមធំ (ព. ប្រ.) ចិត្តធំ, ព្រហើន
ឥឡូវនេះអាឯងថ្លើមធំហើយឥតកោតញញើតនរណាទេ !
ទោណ
(ទោណៈ ឬ ទោន)
នាមសព្ទ
(បា. ; សំ. ទ្រោណ ) ឈ្មោះចំនួនដែលវាល់ឬដែលថឹ្លងមួយយ៉ាងប្រមាណ១៦នាឡិធម្មតា (ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា )
អង្ករមួយទោណ ។
នែប
កិរិយាសព្ទ
អែប, ផ្អប, បំប្រប, ស៊ែម, កែម
ត្រូវនែបចម្រៀកក្ដារប្រមាណជា ៥ សង់ទីម៉ែត្រទៀត ។
បង់បោយ
កិរិយាសព្ទ
ដើរយោលដៃ ។ ព. ទ. បុ. បង់បោយមិនប្រមើលប្រាណ ប្រកល់ចង្ក្រានមិនប្រមាណនឹងឆ្នាំង សេចក្ដីថា ធ្វើអ្វីៗលើសលុបហួសប្រមាណហួសមាត្រ មិនលៃស្ទង់ឲ្យសមនឹងបែបភាពទ្រព្យធនរបស់ខ្លួន, ដូចយ៉ាងអ្នកក្រីក្រខ្សត់ខ្សោយទន់ថយ ហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានទ្រព្យ ឬអ្នកមានស័ក្ដិយសជាដើម, ប្រហែលដូចជាអ្នកដើរបង់បោយរលាស់ដៃហួសមាឌ, ឬពុំនោះដូចជាអ្នកប្រកល់ចង្ក្រានធំពេក មិនលៃឲ្យល្មមនឹងឆ្នាំងតូចដូច្នោះឯង ។ កុំសរសេរ បង្បោយ ពីព្រោះខុសវគ្គគ្នា តម្រួត ង លើ ប ជា ង្ប ពុំបានទេ ។
រថ
(រត់)
នាមសព្ទ
(សំ. បា.) រទេះទឹមសេះ ( រទេះសេះ ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី : រថសេះមួយ, រថសេះពីរ; បររថ, ជិះរថ; រថបន្ទុក ។ រថការ ( រៈថៈកា ) អ្នកធ្វើរថ ( ជាងរថ ) ។ រថកេតុ ( រៈថៈ— ) ទង់សម្រាប់រថ ( ទង់រថ ) ។ រថចរិយា ឬ រថចរ្យា ( រៈថៈចៈរ៉ិយ៉ា ឬ —ច័រយ៉ា ) ការបង្ហាត់រថ គឺការបង្ហាត់សេះឲ្យថ្នឹកអូសរថ ឬការហាត់បររថ; ដំណើរទៅដោយរថ ។ រថនាយក ( រៈថៈនាយក់ ) អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ ។ រថបញ្ជរ ( រៈថៈប័ញ-ជ ) រាងរថ, ផ្ទះរថ, តួរថ ។ រថបាទ ( រៈថៈបាត ) ជើងរថ, កង់រថ ។ រថភណ្ឌ ( រៈថៈភ័ន ) គ្រឿងរថ, ប្រដាប់រថ ។ រថយាត្រា ( រៈថៈ— ) ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ ។ រថយុទ្ធ ( រៈថៈយុត ) ការច្បាំងគ្នាដោយជិះរថ ។ រថយោធា ( រៈថៈ— ) ពួកទាហានរថ, ពួកទាហានរក្សារថ ។ រថរេណូ ( រៈថៈរេនូ ) ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ ៣៦ តជ្ជារី ( មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ) ។ រថវាហៈ ឬ រថពាហៈ ( រៈថៈ— ) អ្នកនាំរថ, គឺសេះទឹមអូសរថ; អ្នកបររថ ( សារថី ) ។ រថវិជ្ជា ឬ —វិទ្យា ( រៈថៈ— ) វិជ្ជាធ្វើរថ; ចំណេះបររថ ។ រថវិថី ( រៈថៈ—;សំ. បា.—វីថិ ) ឬ រថបថ ( រៈថៈបត់ ) ផ្លូវរថ ។ រថសាលា ( រៈថៈសាល៉ា ) រោងរថ ។ រថសាស្ត្រ ( រៈថៈសាស ) ក្បួន, ច្បាប់ សម្រាប់រៀនឲ្យចេះបររថឬឲ្យចេះធ្វើការរថ ។ រថសិក្សា ( រៈថៈ — ) ការរៀនធ្វើរថ, ការរៀនបររថ ។ រថាង្គ ( < រថ + អង្គ ) ឬ រថាវយវៈ ( < រថ + អវយវ ) អង្គឬអវយវៈរបស់រថ ។ រថានិក ( សំ. បា. រថានីក < រថ + អនីក “ពួក, ប្រជុំ” ) ពួករថឬក្បួនរថ (ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបី រថមួយៗ មានទាហានអ្នកកាន់កាប់បួននាក់ៗ រួមជា១២នាក់ ។ រថាលង្ការ ( < រថ + អលង្ការ ) គ្រឿងប្រដាប់តាក់តែងរថឲ្យល្អរុងរឿង ។ ល ។ ទោះយានទំនើបថ្មីដែលមិនទឹមសត្វពាហនៈ ក៏គួរហៅ រថ បានដែរ, ហៅដោយសន្មតិតាមលក្ខណៈថា រថត្រីចក្រ ( រត់— ) រថធាក់មានកង់តូចបី ខាងក្រោយមួយខាងមុខពីរ ជិះធាក់ពីក្រោយរុញឲ្យលឿនទៅមុខ ( បារ. ទ្រីស៊ិក្ល៍ Tricycle ) ។ រថធាក់ ឬ រថធាក់ទ្វិចក្រ ( រត់—) យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ ខ្សែពាន, . . . សម្រាប់ជិះឲ្យលឿនទៅដោយកម្លាំងជើងធាក់ ( បារ. ប៊ីស៊ិក្លែត្តិ៍ Bicyclette ) ។ រថធាក់រុញ ( រត់— ) រថធាក់មានកង់តូចបី កង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹប ឬមានសណ្ឋានជាទ្រុង សម្រាប់ដាក់នំបុ័ងលក់ឬដាក់ទំនិញ ឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឲ្យលឿនទៅ ( បារ. ទ្រីពរទ័រ = ទ្រីពកទ័រ Triporteur ) ។ រថធាក់មួយបែបទៀត មានកង់បីដែរ, ទ្រង់ទ្រាយតួរងបន្ទុកស្រដៀងនឹងរថអូសតែទាបជាង ( សម្រាប់មនុស្សជិះ ), មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងសម្រាប់មនុស្សម្នាក់ជិះធាក់រុញពីក្រោយឲ្យលឿនទៅ; យានបែបនេះ ក៏ហៅ រថធាក់រុញ ដែរ ( បារ. ស៊ីក្លូពុស្សិ៍ Cyclopousse ) ។ រថធាក់អូស ( រត់— ) រថមានកង់តូចបី ពីខាងមុខមួយ ពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូស តែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឲ្យលឿនទៅ ( បារ. ទ្រីពុស្សិ៍ Tripousse ) ។ រថបន្តោង ( រត់— ) រថធាក់ទ្វិចក្រ បន្តោងសណ្ដោងតួរងបន្ទុក ( ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់ ) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឲ្យលឿនទៅ ( ហៅតាមពាក្យបារាំងសែសថា អាឡារ៉ឺម៉រកិ៍ = អាឡារ៉ឺម៉ក a la remorque; ក្នុងកម្ពុជរដ្ឋមានប្រើតែនៅខែត្រក្រៅ ) ។ រថភ្លើង ( រត់— ) រទេះភ្លើង, អយស្ម័យយាន ( ម. ព. រទេះ ) ។ រថយន្ត ឬ —យន្ត្រ ( រត់យន់ ) រថដ៏វិសេសមួយប្រភេទមានទ្រង់ទាយផ្សេងៗច្រើនបែប, មានចង្កូត មានគ្រឿងទប់, . . . បើកឲ្យលឿនទៅមុខឬឲ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នា អាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស, . . . ( ជាយានមានតម្លៃក្នុងសម័យនេះ ) : បើករថយន្ត, ជិះរថយន្ត ( បារ. ហៅដោយសង្ខេបថា អូតូ Auto, ហៅឲ្យពេញថា អូតូម៉ូប៊ិលិ៍ Automobile ។ ម. ព. យន្ត ឬ យន្ត្រ ផង ) ។ រថអូស ( រត់— ) យានស្រាល មានកង់ពីរ រាងខ្ពស់ស្រោងមានកន្លែងជិះ មានដំបូលសំពត់ក្រាស់ សម្រាប់ដំឡើងបើកឬតម្លោះបិទបាន ពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នា សម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ ( បារ. ពុស្សឺពុស្សិ៍ = ពុសស្ពុស PoussePousse; យ. សៃកែវ ឬ ឆៃកែវ ។ ល ។ ( ម. ព. រទេះ និង អយស្ម័យយាន ផង ) ។