ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មជ្ឈមណ្ឌល
(ម័ច-ឈៈមន់-ឌល់)
នាមសព្ទ
( បា. ) មណ្ឌលកណ្ដាល
មជ្ឈមណ្ឌលនៃការសិក្សាផ្នែកព្រះពុទ្ធសាសនា, មជ្ឈមណ្ឌលនៃវប្បធម៌ ។
យង់យល់
កិរិយាសព្ទ
ក្រឡេកទៅយល់, យល់ជាក់, ឃើញច្បាស់ ( ព. កា. )
ស្ដេចទតយង់យល់បក្សី ចោមចឹកចំណី ដោយក្ដីរីករាយរាល់ប្រាណ ។ល។
រង្វាល់
នាមសព្ទ
ប្រដាប់សម្រាប់វាល់
រង្វាល់ស្រូវ, រង្វាល់ក្រួស, រង្វាល់ប្រេង, តៅរង្វាល់ ។
ពេញរង្វាល់ ( ព. ប្រ. ) ពេញបន្ទុក, ពេញចំណុះ, ពេញកម្លាំង, ពេញរបុង
ទរឲ្យពេញរង្វាល់, លេងឲ្យពេញរង្វាល់, ស៊ីឲ្យពេញរង្វាល់ ។
លក់
កិរិយាសព្ទ
ចំណាយទំនិញ, ឲ្យរបស់ទៅអ្នកទិញដោយយកថ្លៃ
លក់ទំនិញ ។
ពិន័យតាមច្បាប់បញ្ញត្ត
ត្រូវគយលក់ ៣០ រៀល ។
លក់ខ្លួន ចំណាយខ្លួន ឲ្យជាអ្នកនៅបម្រើគេ ។ លក់ជឿ លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឲ្យពុំខាន ។ លក់ដូរ លក់ខ្លះដូរខ្លះ គឺលក់របស់រប៉ិចរប៉ីរាយរង ។ លក់ដុំ លក់ទាំងដុំៗទីទៃពីលក់រាយ ។ លក់រាយ លក់រាយៗ តាមតែគេទិញអ្វីៗប៉ុន្មានៗក៏ដោយ ទីទៃពីលក់ដុំ ។ លក់ព្នៃ ពិន័យលក់ទ្វេគុណ (ក្លាយមកពីពាក្យថា លក់ពិន័យ ឬ ពិន័យលក់; ម. ព. ព្នៃ និង ពិន័យ ទៀតផង) ។ ពាក្យ លក់ នេះបើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់ និងអ្នកទិញត្រូវថា ជាវ ដូចគ្នា
ជាវគម្ពីរ, ជាវបាត្រ, ជាវត្រៃចីវរ, ជាវសៀវភៅធម៌ ។ ល ។
បើបុព្វជិតនិងអ្នកលក់ត្រូវថា ពិចារណា ដូចជាថា
លោកគ្រូឲ្យគេពិចារណាតែបាត្រមួយទេ ឬឲ្យគេពិចារណាគ្រឿងបរិក្ខារអ្វីទៀតដែរ ? . . . ។ ល ។
កិរិយាសព្ទ
ដេកស៊ប់ស្ងាត់អារម្មណ៍មិនដឹងខ្លួន
លក់មួយល្បក់ ។
លក់លង់ លក់ជ្រុលដំណេក ។ លក់លន់ ឬលន់លក់ លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់( ព. កា. )
លក់លន់លង់ជ្រៅ ទោះខ្លួនដេកនៅ ក្នុងគ្រឹហាឋាន មានចោរកំណាច អាចគាស់ទ្វារបាន លួចទ្រព្យហើយច្រាន ទ្វារបិទដូចដើម ។
លក់ស្វា លក់ពភ្លឹមពភ្លែត គឺស្ទើរលក់ស្ទើរភ្ញាក់ ( បាលីហៅ កបិមិទ្ធ “លក់ស្វា”, ការយល់សប្នឃើញអ្វីៗ ទោះពិតក្ដីមិនពិតក្ដី ឃើញត្រង់ស្របក់នេះឯង ពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់ គឺត្រង់ចន្លោះលក់និងភ្ញាក់; ព. វិ. ពុ. ) ។ ព. ប្រ. ដេកលក់ ឬ លក់ជានិច្ច ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវឬប្រហែសធ្វេសជានិច្ច ។
ហត្ថ
(ហ័ត)
នាមសព្ទ
(បា.; សំ. ហស្ដ)ដៃ; ប្រមោយដំរី; ផ្នួងសក់។ ឈ្មោះនក្សត្រ ឬផ្កាយឫក្សពួកទី១៣ មាន៥ដួង សណ្ឋានស្រដៀងនឹងដៃ។ ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្តាល
ប្រវែងមួយហត្ថមួយចំអាម ។ ហត្ថក្រពុំ ខ្នាតរង្វាស់ប្រវែងមួយគក់ ។ ហត្ថខ្នាត ឬ ហត្ថជាងឈើ រង្វាស់ប្រវែងមួយហត្ថ ដែលជាខ្នាតសម្រាប់ជាងឈើក្នុងបុរាណសម័យ ( ប្រវែងកន្លះម៉ែត្របារាំងសែស ) ហៅ វឌ្ឍកីហត្ថ ឬហត្ថមជ្ឈិមបុរស ក៏បាន ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហ័ត-ថៈ ដូចជា ហត្ថកម្ម ឬ—កិច្ច ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង ។ ហត្ថកម្មមូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ ។ ហត្ថកោសល្យ ឬ–សល្ល ( –សល់ ) ការឈ្លាសដោយដៃ,ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃ មានការគូរវាសឬកាត់ដេរខោអាវជាដើម ។ ហត្ថគត ( –គត់ ) ដែលដល់ដៃ, ដែលនៅក្នុងកណ្តាប់ដៃ; អ្វីៗដែលនៅក្នុងកណ្តាប់ដៃ ។ហត្ថច្ឆេទ ( ហ័ត-ថ័ច-ឆែត ) កាត់ដៃ; ការកាត់ដៃ : ទោសហត្ថច្ឆេទ ទោសកាត់ដៃ ។ ហត្ថប្បហារ ( ហ័ត-ថ័ប-ប៉ៈហា ) ការប្រហារដោយដៃ( មានវាយ, ទះ, តប់ជាដើម ) : ធ្វើហត្ថប្បហារ ។ ហត្ថពល កម្លាំងដៃ ។ ហត្ថលេខា លាយដៃ, ថ្នាំងដៃ ។សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯង : ចុះហត្ថលេខា( ចុះស៊ីញេ ); រ. ស. ប្រើជា ព្រះហស្ដលេខា ( ម. ព. ឡាយព្រះហស្ដ ឬឡាយព្រះហស្តលេខា ទៀតផង ) ។ ហត្ថសូត្រ អំបោះចំណងដៃ ( ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម ) ។ហត្ថហារីយ៍ ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន : របស់នេះជាហត្ថហារីយ៍ ។ ហត្ថាភរណៈ ឬហត្ថាលង្ការ ( បា.<ហត្ថ ” ដៃ ” + អាភរណ ឬ អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ ( មានចិញ្ចៀនជាដើម )។ ល ។