ដោយ:មុនីរ័ត្ន/ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។
សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីជោគជ័យនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងឆ្នាំ២០២២ និងការឈានទៅរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំនៅកម្ពុជា៕សរន