យី​ឆាង – ឋានសួគ៌​ធម្មជាតិ​មួយ នៅលើ​ភពផែនដី​

2601
ចែករម្លែក

​ដោយៈ​ខៀវ​ណាវី​/​ភ្នំពេញៈ​នៅ​ម៉ោង​៧:៤០​យប់​ម៉ោង​នៅ​ប្រទេស​ចិន យន្តហោះ China Airline ជើងហោះហើរ​លេខ CA១៨២៣ បានធ្វើការ​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ Three Gorges Airport ដោយ​បាន នាំ​យើង​មកដល់​ទឹកដី យី​ឆាង ទីក្រុង​ដ៏​ស្រស់ត្រកាល ហ៊ុមព័ទ្ធ​ទៅដោយ​ធម្មជាតិ​ខៀវស្រងាត់ ស្រស់​ប្រណិត ផ្តិត​ជាប់​នៅឯ​ជើងមេឃ ។

ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ និង​ជ្រលង​ភ្នំ Chai Buxi
(​រូបថត ងួន កុលបុត្រ​)

ទឹកដី​ជ្រលង​៣ និង​ជ្រោះ​ភ្នំ​៣ :
​យី​ឆាង ជាទី​ក្រុង​មួយ​ក្នុងចំណោម​ក្រុង​ទាំង ១៧ របស់​ខេត្ត​ហ៊ូ​ប៉ី ប៉ុន្តែ​ស្ទើ​តែ​ស្ថិតនៅ​ចំ​ទីតាំង​កណ្តាល​នៅ​ប្រទេស​ចិន ជាទី​ប្រសព្វ​នៃ​តំបន់​ខាងលើ និង​តំបន់​កណ្តាល​នៃ​ទន្លេ​យ៉ាង​សេ ។ ទន្លេ​យ៉ាង​សេ​បាន​ហូរ​កាត់​ទឹកដី យី​ឆាង ហើយក៏​ហូរ​កាត់​ទឹកដី​នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​ធ្វើ​ឲ្យ​ទីនេះ​សម្បូរ​ណ៍​ទៅដោយ​ប្រភពធនធាន​ទឹក​ដ៏​អស្ចារ្យ​សម្រាប់​ផលិត​ថាមពល អគ្គិសនី និង​បង្កបង្កើនផល ។ ទីក្រុង យី​ឆាង មាន​កិត្តិនាម​ល្បីល្បាញ ដោយ​សារតែ​ទឹកដី​នេះ គឺជា​មាត់ទ្វារ​ឆ្ពោះទៅកាន់​តំបន់​ជ្រោះ​បី (Three Gorges) ដ៏​ធំធេង​អស្ចារ្យ​គួរ​ឲ្យ​ស្ញប់ស្ញែង បង្កប់​ដោយ​ភាពអាថ៌កំបាំង ដែល​ធម្មជាតិ​បាន​ឧ​ប្ប​តិ្ត​ក​ឡើង​នៅលើ​ទឹកដី​ចិន ។ ក្រុង​នេះ​ក៏​ជាទី​តាំង​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ខេត្ត ស៊ី​ឈួន និង ខេត្ត​ហ៊ូ​ប៉ី ។

​អតីតកាល​របស់​យី​ឆាង :

​ពី​ដើម​ដ៏​យូរលង់​មកហើយ​គេ​តែង​ហៅ​ទីនេះ​ថា ”​ទឹកជ្រោះ​ដ៏​ស្ងាត់ជ្រងំ ភ្នំ​ខ្ពស់​ដ៏​ចោទ​សន្លឹម​“ ។ ពាក្យ​ថា យី​ឆាង នេះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ឡើង​នៅក្នុង​រាជវង្ស​មហា​ឈី​ង ។ ពាក្យ​ថា យ៉ី​ង​ឆាង គឺ​ចង់បាន​បញ្ជា​ក់នូវ​ភាព​អាថ៌កំបាំង​នៃ​ទីក្រុង​មួយ​កាលពី​ពេលនោះ ដែល​ក្រោយមក គឺជា​តំបន់​ដែល​រីកចម្រើន និង​ពោរពេញ​ដោយ​វិបុលភាព ។ នៅក្នុង​ប្រវត្តិសាស្ត្រ ២៤០០​ឆ្នាំ របស់ខ្លួន​ទីនេះ គឺជា​ដើមកំណើត​នៃ​វប្បធម៌ Bachu ហើយ​ដែល​វា​បានក្លាយ​ទៅជា​សមាសភាគ​នៃ​វប្បធម៌​ចិន​ទាំងមូល ។ លោក Zhou Ji លេខា​បក្ស​ទីក្រុង យី​ឆាង បាន​និយាយ​ថា យី​ឆាង មាន​ប្រវត្តិ​អតីតកាល​ដ៏​យូរលង់​មកហើយ ។ អ្នកនិពន្ធ​ជនជាតិ​ចិន​ដ៏​ល្បីល្បាញ​បំផុត​ពី​ជំនាន់​មុនៗ​ភាគច្រើន គឺ​ចេញពី យី​ឆាង ។ រឿងរ៉ាវ​ពី​អតីតកាល​មួយ​ដែល​មិនគួរ​បំភ្លេច​នោះ គឺ​ស្ត្រី​ចិន​ស្អាតៗ មាននៅ យី​ឆាង ហើយ​ពេល​មួយ​នោះ​ក្នុងចំណោម​ជម្រើស​ស្រី​ចិន​ដែល​ស្អាត​បំផុង​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ដែលមាន​បួន​នាក់ គឺមាន​ម្នាក់​ចេញពី​ស្រុក​យី​ឆាង​នេះឯង ។

ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ និង​ជ្រលង​ភ្នំ Chai Buxi
(​រូបថត ងួន កុលបុត្រ​)

​យី​ឆាង ក៏​ជា​ទឹកដី​នៃ​សំបុក​ចម្ការ​តែ ។ សហករណ៍​អ៊ូ​ហ្វុ​ង​ដាំ​តែ​បាន​ជាង ១០​ម៉ឺន​ហិកតា ទទួលបាន​ផល​ប្រមាណ ៣​ម៉ឺន​តោន ក្នុង​មួយឆ្នាំ ។ តែ​ក្រហម​យៀ​ក​ហ៊ូ​មាន​ប្រវត្តិ​ជាង​មួយរយ​ឆ្នាំ​មកហើយ ។ បើ​និយាយ​ពី​រសជាតិ គឺ​វា​ឆ្ងាញ់​ដាច់​គេ បើ​និយាយ​ពី​ហេតុផល​សុខភាព គឺ​វា​មាន​កម្រិត​បំប៉ន​ខ្ពស់ និង​មិន​បង្ករ​ឲ្យ​មាន​ភាព​មិន​ងងុយគេង​នោះទេ ។ មាន​ពាក្យ​មួយ​ឃ្លា​ថា បើ​នឹក​ទៅដល់​ហ៊ូ​ប៉ី គេ​ត្រូវតែ​និយាយ​អំពី យី​ឆាង ។ កាលបើ​ទៅដល់​យី​ឆាង​កុំ​ភ្លេច​ឲ្យ​សោះ ការ​ភ្លក្ស​រសជាតិ​តែ​អ៊ូ​ហ្វុ​ង​ដ៏​ឈ្ងុយឆ្ងាញ់ ។​

​យី​ឆាង ប​ច្ចុ​ប្ប​ន្នៈ
​យី​ឆាង មាន​ដង​ទន្លេ​យ៉ាង​សេ​ហូរ​កាត់​នាំ​ឲ្យ​តំបន់​នេះ គឺជា​ប្រភព​ធនធានទឹក​សម្រាប់​ផលិត​ថាមពល​អគ្គិសនី និង​បង្កបង្កើនផល ។ លោក Zhou Ji បាននិងកំពុង​យកគំនិត​របស់លោក​ប្រធាន​បក្ស ស៊ី ជីន​ពីង មក​ពង្រីក​ឲ្យ​ទៅជា​ការជាក់ស្តែង ដើម្បី​ប្រែក្លាយ​ទឹកដី យី​ឆាង ឲ្យ​មានការ​អភិវឌ្ឍ ។ នៅពេល​ខាងមុខ​ទីក្រុង​យី​ឆាង​នេះ​នឹង​ក្លាយទៅជា​តំបន់​បើកចំហរ ។ យី​ឆាង ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី គឺជា​ឃ្លាំង​ស្បៀង​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន ដែល​សមត្ថភាព​ផលិត​ស្បៀង​បានជា​ប់​លំដាប់​លេខ ២ ក្នុងចំណោម ៣១​ខេត្ត នៅ​ទូទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ហ៊ូ​ប៉ី​មាន​ក្រុង​ចំនួន ១៧ ក្នុងនោះ​ទីក្រុង យី​ឆាង ជាប់​លំដាប់​លេខ ២ ខាង​ទំហំ​សេដ្ឋកិច្ច ។ ទីក្រុង​មាន​ផ្ទៃដី ២១៣.០០០​គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាជន ៤,២​លាន​នាក់ ។

លោក ជាម សុផល អនុប្រធាន​គណៈ​ឃោសនាអប់រំ គណៈកម្មាធិការ​កណ្តាល CPP
​ជួប​ជាមួយ​លោក Zhou Ji លេខា​បក្ស​ទីក្រុង យី​ឆាង

​ពេលនេះ​ទីក្រុង យី​ឆាង មាន​ទំនប់​វា​រី​អគ្គិសនី​ធំៗ ២​កន្លែង លំដាប់​ពិភពលោក ហើយ​ត្រូវបាន​ចាត់ទុកជា​ថាមពល​នៃ​បេះដូង​សម្រាប់​ប្រទេស​ចិន​មាន​សមត្ថភាព​ផលិត​អគ្គិសនី ខ្ពស់​ជាងគេ​បំផុត​ក្នុង​ទូទាំង​សកលលោក ។ ទោះជា​យ៉ាងនេះ​ក្តី យី​ឆាង មិន​ទទួលរង​ការបំពុល​បរិយាកាស និង​ការបំផ្លាញ​បរិស្ថាន​ឡើយ ។ យី​ឆាង កំពុង​ដើរតួនាទី​ជា​សេនាធិការ​ឲ្យ​ខេត្ត​ហ៊ូ​ប៉ី ដោយ​កំពុង​អនុវត្តន៍​យ៉ាង​ពេញលេញ និង​សកម្ម​បំផុត​នូវ​គោល​គំនិត​របស់លោក ស៊ី ជីន​ពីង ។ គំនិត​របស់ ស៊ី ជីន​ពីង គឺ​ការកសាង​សង្គមនិយម​តាម​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី ។ គោល​គំនិត​នោះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ចិន​កាន់តែ​មានការ​រីកចម្រើន​ខាង​សេដ្ឋកិច្ច មាន​ភាពរឹងមាំ​ខាង​យោធា និង​នយោបាយ​មាន​ភាព​ល្បី​រន្ទឺ​ខាង​វិស័យ​ការទូត ជាពិសេស​គឺ​ប្រជាជន​ទាំងអស់​ត្រូវតែ​ចាកចេញ​ពី​ភាពក្រីក្រ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ ។ ដូចដែល​លោក Zhou Ji បាន​និយាយ​យ៉ាងច្បាស់​ថា “​យើង​មិន​ភ្លេច​បេសកកម្ម​របស់​យើង​ជាដាច់ខាត នោះ​គឺ​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន លើកស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន ការពារ​ដាច់ខាត​បក្ស​កុ​ម្មុយ​នី​ស​ចិន ដែលមាន​មាគ៌ា​នយោបាយ​ច្បាស់ លាស់ គឺ​យក​ប្រជា​ជន​ជា​ស្នូល ។ យក​ប្រជាជន​ជា​ស្នូល​មានន័យថា ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ប្រជាជន និង​ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាជន ។ ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាជន​មានន័យថា ត្រូវ​លើកស្ទួយ​កម្រិត​សេដ្ឋកិច្ច​របស់​ប្រជាជន​ធ្វើ​ឲ្យ​ប្រជាជន​​​ទទួលបាន​ផលប្រយោជន៍​ពី​សង្គម និង​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន ។

​អតីតកាល​នៅតែ​ភ្លឺ​ថ្លា អនាគត​ពិតជា​ត្រចះត្រចង់ៈ​
​ពិតជា​រំភើបចិត្ត​ណាស់ នៅពេលដែល​មិត្តភក្តិ​យើង​រំ​ឮ​ក​ពី​អតីតកាល​ដ៏​ភ្លឺ​ថ្លា​មួយ ។ រំ​ឮ​ក​ពី​អតីតកាល​មាន​ន័យ​ថា យើង​នៅតែ​ចងចាំ​អនុ​ស្សាវ​រី​យ៍​ល្អៗ ដែល​រំលង​ហួស​ទៅ ។ បក្ស​កុ​ម្មុយ​នី​ស​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ។ លោក Zhou Ji បាន​អះអាង​អំពី​ចំណងទាក់ទង​នេះ ដោយ​គាត់​មិន​ភ្លេច​រំ​ឮ​ក​ឡើងវិញ​ថា​៖ ខ្ញុំ​នៅតែ​ចងចាំ​នៅក្នុង​ជីវិត​របស់ខ្ញុំ​ជានិច្ច ។ កាលពី​ក្មេង​ខ្ញុំ​ធ្លាប់​បានឃើញ​ដោយផ្ទាល់​នូវ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ។ នៅពេលនោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ចំណងមិត្តភាព​កម្ពុជា​-​ចិន ប្រៀបដូចជា​បុប្ផា​រីក​ស្គុះស្គាយ​នៅលើ​លំហ​មេឃ ដែលមាន​ពណ៌​ខៀវខ្ចី​ស្រងាត់ ។ ដោយ​ញញឹម​យ៉ាង​ស្រស់​ជាមួយនឹង​ជំនឿ​ទុកចិត្ត និង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​រីករាយ​របស់លោក Zhou Ji គាត់​ក៏បាន​បន្តទៀតថា នៅ​ឆ្នាំ​២០០១ សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង យី​ឆាង ម្តង ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏បាន​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ហើយ​ចាប់តាំងពី​ពេល​នោះមក​វិនិយោគ​គិ​ន​ចិន​ពី​ទីក្រុង​យី​ឆាង​ទៅរក​ស៊ី​នៅ​កម្ពុជា ។ លោក Zhou Ji ក៏​មិន​ភ្លេច​រំ​ឮ​ក​ឡើងវិញ​ផងដែរ​ថា ប្រទេស​យើង​ទាំងពីរ​មាន​មិត្តភាព​យូរអង្វែង ជា​ប្រវត្តិសាស្ត្រ រួមសុខ​រួមទុក្ខ​ជាមួយគ្នា ដូចជា​បងប្អូន​បង្កើត​អញ្ចឹង ។

​ឃ្លាត​ពី​យី​ឆាង​ហើយៈ​
​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ត្រឹមតែ​ពីរ​ថ្ងៃ​កន្លះ​នៅលើ​ទឹកដី​នៃ​ទីក្រុង យី​ឆាង គឺ​ខ្លី​ណាស់ ។ ទីកន្លែង​ដែល​យើង​បាន​ទៅ​មើល រាប់ទាំង​ជ្រលង​ជ្រោះ​ដ៏​ជ្រៅ​នៅ​តំបន់ Three Gorges ដែល​កន្លងមក​យើង​ធ្លាប់តែ​ឃើញ​ជា​ផ្ទាំងគំនូរ ធ្លាប់តែ​ឃើញ​ជា​រូបថត ធ្លាប់តែ​ទស្សនា​តាម​ខ្សែភាពយន្ត ក៏ដូចជា​តំបន់​ធម្មជាតិ​ដទៃទៀត គឺ​ពិតជា​មិន​គ្រប់គ្រាន់​ទេ ។ អ្វីដែល​យើង​បានដឹង បានឃើញ បានលឺ មិនមែន​គ្រាន់តែ​ផ្តិត​យកបាន​តាម​រូបភាព​ស៊ែ​ល​ហ្វី​ពី​ទូរស័ព្ទដៃ​មួយគ្រឿង​របស់​យើង​នោះទេ ប៉ុន្តែ​វា​ពិតជា​បាន​ផ្តិត​ជាប់​នៅក្នុង​បេះដូង​របស់​យើង ចំពោះ​អនុស្សាវរីយ៍​ដ៏​ស្រស់ត្រកាល​នេះ ។ បេសកកម្ម​ការងារ​បា​ន​បញ្ចប់​ហើយ​……
…..​ប៉ុន្តែ​សម្លេង​​​ស្រែក​ច្រៀង​​ជា​ភាសា​ចិន​របស់​អ្នក​នាំ​ផ្លូវ​នៅលើ​កំពូលភ្នំ Chai Buxi ដែលមាន​កម្ពស់ ១៤៨០​ម៉ែត្រ លឺ​ខ្ទ័រ​ខ្ទារ​ឆ្លងកាត់​ជ្រលង​ជ្រង​ជ្រោះ រត់​រណ្តំ​ពី​កំពូលភ្នំ​មួយ​ទៅ​កំពូលភ្នំ​មួយទៀត ធ្វើ​ឲ្យ​យើង​រំភើបចិត្ត​ណាស់ ។ យើង​មិនចេះ​ភាសា​ចិន​ទេ ប៉ុន្តែ​ស្តាប់ទៅ​វា​ពិតជា​លន្លង់លន្លោច​មែន​ទែន ។ យើង​ក៏​មិន​ភ្លេច​ផងដែរ​នូវ​រសជាតិ​តែ​របស់​សហករណ៍​អ៊ូ​ហ្វុ​ង​នៃ​ស្រុក យី​ឆាង ដែលមាន​ក្លិន​ឈ្ងុយឆ្ងាញ់ និង​ធ្វើ​ឲ្យ​ចាប់​មាត់ ។ អ្វីដែល​យើង​នៅតែ​ចងចាំ​ដែរនោះ គឺ​មន្ត្រី​នៃ​ស្រុក យី​ឆាង មួយរូប​បាន​និយាយ​នៅក្នុង​ពិធី​អាហារ​ពេល​ល្ងាច​ថា​៖ ប្រហែល​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ​នឹងមាន​ជើងហោះហើរ​ត្រង់ រវាង​ខេត្តសៀមរាប និង​ទីក្រុង យី​ឆាង ។ ហេតុនេះ​ពេលវេលា​របស់​យើង​សម្រាប់​ទីក្រុង យី​ឆាង ប្រហែល​មិនទាន់​ដល់ទី​បញ្ចប់​ទេ​….៕សរន

​ប្រតិភូ​កំពុង​គយគន់​ដោយ​អារម្មណ៍​ត្រេកត្រអាល ទេសភាព​ជ្រលង​ភ្នំ Chai Buxi

ទីតាំងផ្សាយពាណិជ្ជកម្ម