​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​ប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​កុម្ភៈ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៩ នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាងជើង​រដ្ឋ​សៅ​ប៉ូ​ឡូ (Sao Paulo) ចំ​ពេល​មាន​ទឹកជំនន់​និង​ការ​រអិល​បាក់​ដី ហើយ​ចំនួន​ស្លាប់​នៅ​តែ​អាច​កើនឡើង​ទៀត​។​

​ទីក្រុង​សៅ​សេ​បាស្ទី​អាវ (Sao Sebastiao) និង​ទីក្រុង​បឺទី​អូ​ហ្គា (Bertioga) ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​ទាំងពីរ បាន​លុបចោល​ពិធីបុណ្យ​ខា​នី​វ៉​ល (Carnival) របស់​ពួកគេ ខណៈ​ក្រុម​ជួយសង្គ្រោះ​ព្យាយាម​ស្វែងរក​អ្នក​បាត់​ខ្លួន អ្នករងរបួស និង​អ្នក​បារម្ភ​ថា​ស្លាប់​នៅក្នុង​គំនរ​បាក់បែក​។​

​លោក ហ្វេ​លី​ប៉េ អូ​ហ្គោ​ស្តូ (Felipe Augusto) អភិបាលក្រុង​សៅ​សេ​បាស្ទី​អាវ បាន​និយាយថា “​ក្រុម​ជួយ​សង្គ្រោះ​របស់​យើង​មិន​អាច​ទៅដល់​ទីតាំង​ជាច្រើន​បាន​នោះ​ទេ វា​ជា​ស្ថានភាព​វឹកវរ​”​។ ​គាត់​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​របស់​គាត់​នូវ​វីដេអូ​ជាច្រើន​នៃ​ការបំផ្លិចបំផ្លាញ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ទីក្រុង​របស់​គាត់ រួម​ទាំង​ទារក​ម្នាក់​ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​អ្នកស្រុក​ដែល​តម្រង់​​ជួរ​នៅ​លើ​ផ្លូវ​លិច​ទឹក​។​

​រដ្ឋាភិបាល​រដ្ឋ​សៅ​ប៉ូ​ឡូ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទឹកភ្លៀង​ក្នុង​តំបន់​បាន​កើនឡើង​លើស​ពី ៦០០ មិល្លីម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ដែល​ជា​បរិមាណ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​​ប្រេ​ស៊ីល​ក្នុង​រយៈពេលដ៏​ខ្លី​បែបនេះ​។​

​រដ្ឋាភិបាល​រដ្ឋ​បាន​និយាយថា ទីក្រុង​បឺទី​អូ​ហ្គា​តែ​ឯង​មាន​ភ្លៀង ៦៨៧ មិល្លីម៉ែត្រ​ក្នុង​អំឡុងពេល​នោះ​។​

​អភិបាលរដ្ឋ​លោក ថា​ស៊ី​ស៊ី​អូ ដេ ហ្វ្រេ​អី​តា​ស (Tarcisio de Freitas)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​បាន​ស្នើ​សុំ​ការគាំទ្រ​ពី​កងទ័ព ដែល​នឹង​បញ្ជូន​យន្តហោះ​ពីរ​គ្រឿង និង​ក្រុម​ជួយសង្គ្រោះ​ទៅកាន់​តំបន់​រងគ្រោះ​។ លោក​បាន​ចេញ​ក្រឹត្យ​ស្តី​ពី​គ្រោះមហន្តរាយ​សាធារណៈ​សម្រាប់​ទីក្រុង​អ៊ូ​បា​ទូ​បា (Ubatuba) ទីក្រុង​សៅ​សេ​បាស្ទី​អាវ ទីក្រុង​អ៊ី​ល​ហា​បេឡា (Ilhabela) ទីក្រុង​កា​រ៉ា​ហ្គូ​តា​ទូ​បា (Caraguatatuba) និង ទីក្រុង​បឺទី​អូ​ហ្គា​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​ផ្ទះ​ជន់​លិច​នៅសល់​តែ​ដំបូល​មើលឃើញ​លឹមៗ​។ អ្នកស្រុក​កំពុង​ប្រើ​ទូក​តូចៗ​ដើម្បី​ដឹក​របស់របរ​និង​មនុស្ស​ទៅ​ទីទួល​ខ្ពស់​។ ផ្លូវ​ដែល​ត​ភ្ជាប់​ទីក្រុង​រី​យ៉ូ​ដេ​ជេ​នីរ៉ូ (Rio de Janeiro) ទៅ​កាន់​ទីក្រុង​កំពង់ផែ សាន់​តូ​ស (Santos) ត្រូវ​បាន​បិទ​ដោយ​ការ​រអិល​បាក់​ដី​និង​ទឹកជំនន់​។​

​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​រដ្ឋ​សៅ​ប៉ូ​ឡូ​គឺជា​គោលដៅ​ពិធីបុណ្យ​ខា​នី​វ៉​ល​សម្រាប់អ្នកទេសច​រ​សម្បូរ​ទ្រព្យសម្បត្តិ​ដែល​ចូលចិត្ត​នៅ​ឆ្ងាយ​ពី​ពិធី​ជប់លៀង​តាម​ដងផ្លូវ​នៅក្នុង​ទីក្រុង​ធំៗ​៕

​ជំនន់​នៅ​រដ្ឋ​សៅ​ប៉ូ​ឡូ​សម្លាប់​មនុស្ស​១៩​នាក់