​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តួ​ក​គី​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​កុម្ភៈ​បាន​និយាយ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​សាហាវ​កាលពី​សប្តាហ៍​មុន​បាន​បញ្ចប់​នៅក្នុង​ខេត្ត​ទាំង​​អស់​លើកលែងតែ​ខេត្ត​ចំនួន​ពីរ ខណៈ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន ដែល​កំពុង​បំពេញ​ទស្សនកិច្ច បានប្រកាស​ជំនួយ​មនុស្សធម៌​ថ្មី ១០០ លាន​ដុល្លារ​។​

​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ ដែល​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី ៦ ខែ​កុម្ភៈ បាន​សម្លាប់​មនុស្ស​ជាង ៤៤.០០០ នាក់​(​ខ្លះ​ថា​៤៦.០០០​នាក់​)​ជាមួយ​​នឹង​លទ្ធភាព​នៃ​ការស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​គឺ​មាន​តិច​បំផុត​ក្រោយ​រញ្ជួយ​ដី​ពីរ​សប្តាហ៍​មក​នេះ​។​

​ប្រធាន​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​របស់​តួ​ក​គី លោក យូ​នូ​ស សេ​ហ្សឺ (Yunus Sezer)​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​និង​ជួយសង្គ្រោះ​ត្រូវបាន​បញ្ចប់​នៅក្នុង​ខេត្ត​ទាំង​​អស់ លើកលែង​តែ​ខេត្ត​ហា​តា​យ (Hatay) និង​ខេត្ត​កា​រ៉ា​ម៉ាន​ម៉ា​រ៉ា​ស (Kahramanmaras) ដែល​ជា​ចំណុចកណ្តាល​នៃ​រញ្ជួយ​ដី​។​

​លោក​សេ​ហ្សឺ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​និង​ជួយ​សង្គ្រោះ​បាន​បន្ត​នៅ​អគារ​ប្រហែល ៤០ នៅក្នុង​ខេត្ត​ទាំង​ពីរ​នៅ​ថ្ងៃទី ១៤ នៃ​រញ្ជួយ​ដី ប៉ុន្តែ​រំពឹងថា​ចំនួន​ស្វែងរក​នឹង​ថយចុះ​នៅ​យប់​ថ្ងៃ​​អាទិត្យ​ទី​១៩​កុម្ភៈ​។​

​ប្រធាន​ទីភ្នាក់ងារ​នេះ​ក៏​បាន​និយាយ​ដែរ​ថា ចំនួន​អ្នក​ស្លាប់​នៅ​តួ​ក​គី​បាន​កើនឡើង​ដល់ ៤០.៦៨៩ នាក់​។ ចំនួន​អ្នក​ស្លាប់​សរុប​រួម​ទាំង​ស៊ី​រី​ឥឡូវនេះ​មាន ៤៤.៣៧៧ នាក់​៕

ប្រតិបត្តិ​ការស្វែងរក​ត្រូវបាន​បញ្ចប់​ខណៈ​លោក​ប្លីង​កិនមកដល់​តួក​គី​ដើម្បី​បង្ហាញ​សាមគ្គីភាព

​លោក​ប្លីង​កិន ជួយបុគ្គលិកយោធាអាម៉េរិកលើកជំនួយឡើងលើរថយន្តនៅមូលដ្ឋានទ័ពអាកាសមួយនៅតួកគី កាលពីថ្ងៃ១៩កុម្ភៈ