ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Pou Yuen Vietnam Co. Ltd. ដែលជានិយោជកធំជាងគេនៅទីក្រុងហូជីមិញបានប្រកាសថានឹងបញ្ឈប់កម្មករជាង ២.០០០ នាក់ ដោយស្តីបន្ទោសវាទៅលើការខ្សត់ការបញ្ជាទិញ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យទី១៩កុម្ភៈ ក្រុមហ៊ុននៅសង្កាត់បិញតាន (Binh Tan) ដែលជាអ្នកម៉ៅការសម្រាប់ម៉ាកយីហោធំៗដូចជា Adidas, Nike និង Reebook បាននិយាយថា បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទាំងនេះត្រូវស្នាក់នៅផ្ទះរយៈពេលយូរ បន្ទាប់ពីម៉ាកយីហោស្បែកជើងមួយបានលុបចោលការបញ្ជាទិញកាលពីឆ្នាំមុន។
ក្រុមហ៊ុនបានព្យាយាមរៀបចំការបញ្ជាទិញថ្មី ប៉ុន្តែមិនអាចធានាការពារការងារសម្រាប់កម្មករដែលរងផលប៉ះពាល់មួយចំនួនធំបានទេខណៈការបញ្ជាទិញនាពេលអនាគតគឺមិនអាចទាយទុកជាមុនបានឡើយ។
ក្រុមហ៊ុន ដែលប្រើកម្មករប្រមាណ ៥០.៥០០ នាក់នេះ បាននិយាយថា ខ្សែសង្វាក់ផលិតកម្មជាច្រើនត្រូវរំលាយចោល។
សហជីពកម្មកររបស់ក្រុមហ៊ុនបានស្នើសុំជួយដល់កម្មករដែលត្រូវបានគេបញ្ឈប់ពីការងារនូវប្រាក់ខែគោល ០,៨ ខែសម្រាប់ឆ្នាំធ្វើការនីមួយៗ ហើយកំពុងរង់ចាំការយល់ព្រមពីក្រុមហ៊ុនមេរបស់ខ្លួនគឺ Pou Chen Group។
នាង ង្វៀន ធី ទ្វី អាយុ ៣៩ ឆ្នាំ ជាកម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានបញ្ឈប់ពីការងារដែលធ្វើការនៅរោងចក្រ Pou Yuen អស់រយៈពេលជិត ២០ ឆ្នាំ បាននិយាយថា ប្រសិនបើផែនការនេះត្រូវបានអនុម័ត នាងនឹងទទួលបានប្រហែល ១៦០ លានដុង (៦.៧០០ ដុល្លារ)។
នាងនិយាយថា “ខ្ញុំនឹងដាក់ពាក្យរកការងារធ្វើតាមរដូវនៅរោងចក្រក្បែរៗផ្ទះរបស់ខ្ញុំក្នុងខេត្តឡុងអាន (Long An)”។
នាងមានគម្រោងដកយកទាំងអស់នូវប្រាក់ធានារ៉ាប់រងសង្គមទាំងអស់របស់នាងនៅឆ្នាំក្រោយ។
ដោយសារតែការធ្លាក់ចុះនៃការបញ្ជាទិញ ក្រុមហ៊ុន Pou Yuen Vietnam ក៏នឹងមិនបន្តកិច្ចសន្យាជាមួយបុគ្គលិកប្រហែល ៣.០០០ នាក់ ដែលបានធ្វើការរយៈពេល ១-៣ ឆ្នាំផងដែរ៕
កម្មករជាង២.០០០នាក់នឹងត្រូវបញ្ឈប់ពីការងារនៅរោងចក្រ Pou Yuen Vietnam