ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បានទៅដល់តួកគីកាលពីថ្ងៃអាទិត្យ ទី១៩ កុម្ភៈដើម្បីបំពេញទស្សនកិច្ចផ្លូវការនិងការពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចជួយបន្ថែមទៀតដល់រដ្ឋាភិបាលក្រុងអង់ការ៉ា ខណៈតួកគីកំពុងប្រឈមមុខនឹងផលវិបាកនៃរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
គ្រោះរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគីនិងប្រទេសជិតខាងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ។
វាបានសម្លាប់មនុស្សជាង ៤៥.០០០ នាក់ និងបណ្តាលឱ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង រួមជាមួយនឹងការខាតបង់ខាងសេដ្ឋកិច្ចរំពឹងកើនឡើងដល់រាប់ពាន់លានដុល្លារ។
នៅលើកំពូលនៃរបៀបវារៈរបស់លោកប្លីងកិនក៏នឹងផ្តោតលើការប្រឹងប្រែងជាប់គាំងរបស់ស៊ុយអែតនិងហ្វាំងឡង់ដើម្បីសុំចូលណាតូ ដែលតួកគីបានបដិសេធមិនផ្តល់សច្ចាប័នរហូតមកទល់ពេលនេះ។
រដ្ឋាភិបាលក្រុងអង់ការ៉ានិយាយថា រដ្ឋាភិបាលក្រុងស្តុកខុលជាពិសេស បានរក្សាទុកនូវអ្វីដែលខ្លួនហៅថាសមាជិកនៃក្រុមភេរវករ។
តួកគីបានចង្អុលបង្ហាញនាពេលថ្មីៗនេះថា ខ្លួននឹងយល់ព្រមតែប្រទេសហ្វាំងឡង់មួយប៉ុណ្ណោះ។
លោកប្លីងកិននឹងជួបពិភាក្សាទ្វេភាគីនៅថ្ងៃចន្ទនេះជាមួយសមភាគីតួកគីលោក មេលូត កាវូសូគ្លូ (Mevlut Cavusoglu)។ ប្រភពដែលដឹងពីផែនការនេះបាននិយាយថា គាត់ក៏រំពឹងជួបជាមួយប្រធានាធិបតីតួកគី លោក រីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan) ផងដែរ។
ចាប់តាំងពីគ្រោះរញ្ជួយដីមក សហរដ្ឋអាម៉េរិកបានបញ្ជូនក្រុមស្វែងរកនិងជួយសង្គ្រោះទៅកាន់ប្រទេសតួកគី ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ គ្រឿងចក្របំបែកបេតុង និងមូលនិធិបន្ថែមចំនួន ៨៥ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ដែលគ្របដណ្តប់ប្រទេសស៊ីរីផងដែរ៕
លោកប្លីងកិនមកដល់តួកគីកាលពីថ្ងៃអាទិត្យ