ដោយ​: តារា​រិ​ទ្ធ​/​ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា វិទ្យុ VOD គឺជា​កន្លែង​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ដូច្នេះ​កុំ​សង្ឃឹមថា វិទ្យុ VOD រស់​ឡើងវិញ​ឱ្យសោះ​។

​សម្តេច​តេ​ជោ​បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្ស និង​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌​ពាណិជ្ជកម្ម​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តើ​ការចុះផ្សាយ​របស់ VOD ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​ជំនួស​សម្តេច​នោះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​ព័ត៌មាន​ក្លែងក្លាយ​។ សម្តេច​បាន​បន្តថា ការផ្សាយ​បែបនេះ គឺជា​ការ ប្រមាថ​មកលើ​រាជរដ្ឋាភិបាល​បង្កើតឱ្យមាន​ការមិនជឿ​ទុកចិត្ត​គ្នា និង​ជាការ​ខុស​ជាមួយ​ច្បាប់​ថវិកា​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បន្ថែមថា តើ​វិទ្យុ VOD នេះ​អាច​រស់​ឡើងវិញ​បាន​នោះ បក្ស​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ហើយ​នោះ​អាច​រស់​ឡើងវិញ​ទៅហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ការ ផ្សាយ​របស់​វិទ្យុ VOD កន្លងមក​បាន​បង្កើត​កំហុស​ច្រើនណាស់ ប៉ុន្តែ​លើក​នេះ​ធ្ងន់ធ្ងរ​ពេក​មិនអាច​អត់ឱន​ឱ្យបាន​
​ឡើយ​ព្រោះ​មាន​ចេតនា​អាក្រក់​បំផុត​ដើម្បី​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​សម្តេច​ក៏បាន​ទុកពេល​វេលា​សមស្រប​ដើម្បីឱ្យ​វិទ្យុ VOD នេះ​សូម ទោស​ប៉ុន្តែ​ខ្លួន​មិនបាន​អនុវត្តន៍​ទៅតាម​ការ​ផ្តល់ឱកាស​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ការបិទ​វិទ្យុ VOD នេះ​មិនបាន​ធ្វើឱ្យ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ស្លាប់​នោះទេ ប៉ុន្តែ​នេះ​ជាការ​ពង្រឹង​ក្រម​សីល ធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​៕/R​