​ដោយ​: បូកគោ​/​កំពត​: ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​នានា​បាន​ចាប់អារម្មណ៍ ព្រមទាំង​ស្រលាញ់​ចូលចិត្ត​ប្រជាជន​កម្ពុជា​នូវ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់ទាក់​។ ភ្ញៀវ​ទាំង​នោះបាន​សន្យាថា​ពេល​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ពួកគេ​នឹង​ជួយ​ផ្សព្វផ្សាយ ហើយ​នាំគ្នា​មក​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន និង​ញឹកញយ​តាម​ដែល​អាច​ធ្វើបាន​។​

​ក្នុង​ដំណើរ​មក​កម្សាន្ត​នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​ថ្មីៗ​នេះ កញ្ញា ម៉ា​រី ភ្ញៀវ​មកពី​ប្រទេស​កាណាដា​បានបង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា កម្ពុជា​សម្បូរ​កន្លែង​ក​ម្សា​ន្ត​ច្រើន​ប្រភេទ​ដែលមាន​ទេសភាព និង​ការរៀប​យ៉ាង​ល្អ​ប្រណីត​។ ការបង្កើត​ឲ្យ​មាន​កន្លែង​លម្ហែ​កម្សាន្ត ពិសេស​តំបន់​អេកូ​ទេសចរណ៍​បាន​ជំរុញ​ដល់​កិច្ចការពារបរិស្ថាន​ដើម្បី​បញ្ចៀស​នូវ​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជាដើម​។​

​ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ណា​យ៉ា ទេសចរ​មកពី​ប្រទេស​អង់គ្លេស​បាន​រៀបរាប់ថា អ្នកស្រី​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​បានមក​ស្គាល់​ប្រជាជន​ខ្មែរ​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង​ពោរពេញ​ដោយ​ស្នាមញញឹម​។ ទាំង​ប្រជាជន ទាំង​វប្បធម៌​ខ្មែរ​បានធ្វើ​អ្នកស្រី​ជាប់ចិត្ត ហើយ​ចង់ឃើញ និង​ចង់​ស្វែងយល់​អំពី​របៀបរបប​នៃ​ការរស់នៅ​បន្ថែមទៀត​។

​ភ្ញៀវ​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត គឺ​លោក ម៉ា​ទីន បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​អាច​មិនមែនជា​ដំណើរ​កម្សាន្ត​ចុងក្រោយ​ទេ ព្រោះ​លោក​ស្រលាញ់​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង​។ ប្រជាជន​កម្ពុជា​មា​នស​ន្តា​ន​ចិត្តល្អ​គួរ​ឲ្យ​រាប់អាន និង​រាក់ទាក់​ជាមួយ​ភ្ញៀវទេសចរ​បរទេស​ទៀត​ផង​។ ពេល​ត្រឡប់​ទៅ​ប្រទេស​វិញ ពួកលោក​នឹង​ប្រាប់​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​ដើម្បី​បាន​ស្នាក់អាស្រ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក៏ដូចជា​ជួយ​គាំទ្រ​ប្រជាជន​កម្ពុជា​ផងដែរ​។

​សូមបញ្ជាក់ថា ភ្ញៀវ​បរទេស​ដែល​បានមក​ខេត្តកំពត​ភាគច្រើន​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់​ក​សិ​-​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​នានា​។ លុះ​ពេល​រាត្រី ពួកគេ​បាននាំគ្នា​មក​អង្គុយ​លម្ហែ​នៅ​តំបន់​ផ្សារណាត់​ដែលជា​ទីក្រុង​បុរាណ​សម្បូរ​ដោយ​សំណង់​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង​ដើម្បី​គយគន់​ថ្ងៃ​លិច និង​ពិសា​អាហារ​ផ្សេងៗ​៕​/R