ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកពន្លត់អគ្គិភ័យនៅប្រទេសតួកគីបានយកឈ្នះចិត្តអ្នកស្រលាញ់សត្វជុំវិញពិភពលោកបន្ទាប់ពីបានយកឆ្មាមួយក្បាលដែលគាត់បានសង្គ្រោះពីក្រោមគំនរបាក់បែកនៃប្លុកផ្ទះល្វែងដួលរលំមួយ។
ឆ្មាសម្បុរខ្មៅនិងសនេះត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់ក្រោមគំនរថ្មអស់រយៈពេល ១២៩ ម៉ោងបន្ទាប់ពីរញ្ជួយដីកម្រិត ៧,៩ រិច្ឆទ័រ ដែលបានវាយប្រហារតួកគីនិងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ហើយក្រោយមកវាបានបដិសេធមិនព្រមចាកចេញពីលោក អាលី កាកាស (Ali Cakas) នោះឡើយ។
ខណៈអ្នកពន្លត់អគ្គិភ័យអាយុ ៣៣ ឆ្នាំរូបនេះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅទីក្រុងនួដាហ្គី (Nurdagi) ក្នុងខេត្តហ្គាហ្សីយ៉ានថេប (Gaziantep) ភាគខាងកើតប្រទេសតួកគី ឆ្មានេះបានបន្តដើរតាមគាត់រហូត។
ខណៈសង្ឃឹមថាម្ចាស់ពិតរបស់វានឹងបង្ហាញខ្លួន លោកកាកាសនិងសហការីរបស់គាត់បានដាក់ឈ្មោះវាថា អេនកាស (Enkaz) ជាពាក្យតួកគីសម្រាប់កម្ទេចកម្ទី។
គាត់ក៏បានបង្ហោះរូបភាពនិងវីដេអូរបស់ឆ្មានេះក្នុងពេលគាត់កំពុងធ្វើការងារជួយសង្គ្រោះផងដែរ ហើយរូបភាពនិងវីដេអូទាំងនេះត្រូវបានគេមើលជាង ១១ លានដងនៅលើ Twitter ។
រឿងរ៉ាវរបស់លោកកាកាសត្រូវបានបង្ហោះតនៅលើ Twitter ដោយជនមានឥទ្ធិពលអ៊ុយក្រែនលោក អានតុន ជើរ៉ាសឆេនកូ (Anton Gerashchenko) ដែលមានអ្នកគាំទ្រ ២៦០.០០០ នាក់ និងជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសហែកហួរដោយសង្គ្រាមនេះ។
ក្រោយមកគេបានសន្មត់ថាម្ចាស់របស់អេនកាបានស្លាប់ក្នុងរញ្ជួយដីទៅហើយ ក្រោយគ្មាននរណាម្នាក់ចេញមកអះអាងយកឆ្មានេះទៅវិញ៕
អេនការកឃើញម្ចាស់ថ្មីជាអ្នកពន្លត់អគ្គិភ័យឈ្មោះកាកាស