ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងសហគមន៍មូលដ្ឋានកំពុងមានការព្រួយបារម្ភចំពោះសកម្មភាពជនខិលខូចបូមទឹកពីក្នុងស្ទឹងនិងពីក្នុងរហាលបង្កអោយរីងខះ ហើយអាចបង្កមហន្តរាយដល់សត្វស្លាបនិងមច្ឆ:ជាតិនៅតំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀន ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ។

លោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យនិងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកេះ អាវៀនអោយរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៩ខែកុម្ភ:ថា សកម្មភាពបទល្មើសដែលបង្កដោយពលរដ្ឋខិលខូចមួយចំនួនតូចដែលបានកប់ទុយោក្នុងដី និងក្នុងទឹក ហើយធ្វើសកម្មភាពលួចបូមទឹកនៅពេលយប់ជ្រៅពីក្នុងស្ទឹងប្រសព្វ(ស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី)និងពីក្នុងរហាល(បឹងកណ្តាលវាល) កំពុងរកឃើញ នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន ។

សកម្មភាពនេះត្រូវបានគេដឹងថា គឺដើម្បីយកទៅស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ៦០ហិចតាលើផ្ទៃដីម្តុំនោះ។

លោក ខុង ប៊ុន បានព្រលយថា : សកម្មភាពលួចបូមទឹកនោះ បានធ្វើពី១ទី២សប្តាហ៍រហូតមក ប៉ុន្តែអាជ្ញាធរ សមត្ថកិច្ចនិងសហគមន៍តំបន់ទើបតែដឹងនៅ៣ឫ៤ថ្ងៃចុងក្រោយនេះ នៅពេលបានពិនិត្យឃើញទឹកក្នុងស្ទឹងនិងក្នុងរហាលនៃតំបន់តំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀននេះ ។
ក្នុងនោះ ក្រុមការងារបានរឹបអូសនូវម៉ាស៊ីនបូមទឹកនិងទុយោមកទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកទទួលខុសត្រូវ ។

ទោះយ៉ាងណា លោកខុង ប៊ុន បាននិយាយសម្រន់ក្តីព្រួយបារម្ភខ្លាំងនោះ ថា:ការលួចបូមបង្កអោយរីងសណ្តកទឹកខ្លាំងតែនៅក្នុងស្ទឹងប្រសព្វ ឯនៅរហាលក្នុងព្រៃលិចទឹកដែលជាជំរំសត្វរស់នៅនិងពងកូនមិនស្រកខ្លាំងពេកទេ ប៉ុន្តែក្នុងនាមមូលដ្ឋានដូចខាងលើ លោកសូមការអន្តរាគមន៍ជួយបង្ការ ទប់ស្កាត់ ការពារកុំអោយមានការលួចបូមទឹកទីនោះបន្តទៀតព្រោះវាប៉ះពាល់សត្វស្លាបរាប់ម៉ឺនសែនក្បាលនិងបច្ឆ:ជាតិ។

សូមរំលឹកថា រហាលកេះ អាវៀនគឺជាទីអភិរក្សអេកូទេសចរណ៍មច្ឆៈជាតិនិងសត្វស្លាបដែលសហគមន៍រៀបចំឡើងដើម្បីដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនក្បាលនិងមច្ឆ:ជាតិ ព្រមទាំងក៏លើកស្ទួយជីវភាពប្រជាសហគមន៍ ។ ទីនោះជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រវត្តិតំបន់នេះ វាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ(ឆ្នាំ១៩៧៥-៧៩ ) ។ វាមានផ្ទៃដីទឹកនិងព្រៃលិចទឹកទំហំ២៨ហិកតា ។

សមាសភាពសត្វស្លាបនៅទីនោះ បានកើនចំនួន ដោយមានជិត១០ប្រភេទ។ សត្វស្លាបមានដូចជាចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។
ក្រៅពីនោះ មានសត្វកុកយ៉ាងច្រើនដែរ ។

តំបន់នេះ ចែកជា២ ផ្នែក ៖ ទី១ – ជាតំបន់រហាលកេះ មានទំហំចំនួន៥ហិកតា ជាទីអភិរក្សមច្ឆៈជាតិចម្រុះដូចជាត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង….។ និងទី២ – ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល និងកុករាប់សែនក្បាល៕/PC