ដោយ: ភ្នំខៀវ / បាត់ដំបង÷ តំបន់អភិរក្សពូជត្រីរាំងពេន ៣-ត ក្នុង ខេត្តបាត់ដំបង កំពុងក្លាយជាតំបន់លំហែរ និងស្វែងយល់ពីមច្ឆជាតិតាមបែបធម្មជាតិព្រៃលិចទឹក។

លោក ពិ សី រស់នៅទីក្រុងភ្នំពេញ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២៣នេះថា លោករួមជាមួយមិត្តភក្តិចំនួនជិត ១០នាក់នៅចុងសប្តាហ៍នេះបានឯកគ្នាធ្វើដំណើរមកលេងកម្សាន្តរហូតដល់ទៅ ៣ឆ្នាំជាប់ៗគ្នានៅលើតំបន់អភិរក្សរាំងពេន ៣-ត របស់សហគមន៍នេសាទស្តីក្រោមរហាលសួង ក្នុងគោលបំណងលំហែរអារម្មណ៍សម្រាកដោយបោះតង់ផ្លាស់ប្តូរបរិយាកាស ពិសេសបានសិក្សាស្វែងយល់ពីការថែរក្សាត្រីពូជដែលសម្បូរ និងពូជត្រីដែលជិតផុតពូជ ក្រៅពីនេះបានថតរូប និងមើលត្រីចម្រុះគ្រប់ប្រភេទដែលជីវិតរស់នៅតាមបែបធម្មជាតិក្នុងដែនព្រៃលិចទឹកនេះ។

លោកបន្ថែមថា ក្រៅពីកម្មវិធីដំណើរកម្សាន្តចុងសប្តាហ៍រឹតចំណងសាមគ្គីភាពរួមគ្នាខាងលើ ក្រុមរបស់លោកនៅបានចូលរួមផ្សារភ្ជាប់ ការគាំទ្រ ការស្រឡាញ់តាមរយ:ការជួយជា សូឡា ទុយោទឹកសម្រាប់សង្គ្រោះត្រីពីបឹងរីងស្ងួត ពិលឆ្លុះ សម្លៀកបំពាក់ ក៏ដូចជាថវិកាមួយចំនួនទៀតដែរ ដែលវាជាចំណែកតិចតួចស្តួចស្តើងមួយសម្រាប់ការថែរក្សាមច្ឆជាតិ ជម្រកមច្ឆជាតិ ឬសត្វស្វា រួមទាំងសត្វស្លាបនានាជាដើម។

លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង បានបញ្ជាក់ដែរថា សហគមន៍នេសាទស្តីក្រោមរហាលសួង មានទីតាំងឋិតនៅក្នុងភូមិសាស្ត្រឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បច្ចុប្បន្នត្រឹមតែបឹងអភិរក្សចំនួន ៣ ក្នុងចំណោមបឹងអភិរក្សជាច្រើនទៀតដែលកំពុងគ្រប់គ្រងសកម្មមានត្រីមេពូជប្រមាណជា ៣០តោន ខណ:កន្លងមកមានត្រឹមតែជាង ១០០គីឡូក្រាមប៉ុណ្ណោះ ដែលវាជាចំនួនកើនឡើងខ្ពស់ ទាំងចំនួនត្រី ទាំងចំនួនពូជត្រីក្នុងរង្វង់រយ:ពេលចុងក្រោយនេះ។ ត្រីដែលកំពុងមានសុវត្ថិភាពក្នុងដែនអភិរក្សរួមមានពូជត្រី: ពូជជិតផុតពូជត្រីខ្មាន់ ត្រីក្រពាត់ ត្រីក្រាយ ឆ្តោរ ត្រីឆ្ពិន ត្រីកែង ត្រីស្លាត ត្រីអណ្តែង ត្រីក្រាញ់ ត្រីកន្ធរជាដើម៕/PC