ដោយៈ វៃកូ/ស្វាយរៀងៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រកាសខេត្តស្វាយរៀងអស់មីន នៅសាលាខេត្តស្វាយរៀង។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយកម្ពុជា មុននឹងឈានដល់ថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ជារដ្ឋបុរស បិតាសន្តិភាព និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកស្រី ម៉ែន សំអន ដែលជាវីរៈនារីដ៏ឆ្នើមរបស់កម្ពុជាយើង។ នយោបាយ ឈ្នះ ឈ្នះ និងការរក្សាបាននូវសុខសន្តិភាព បានធ្វើជាមូលដ្ឋានគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ យើងទាំងអស់គ្នា ត្រូវមានសុទិដ្ឋិនិយម មានក្តីសង្ឃឹម និងត្រូវសម្លឹងមើលទៅមុខជានិច្ច ដោយបន្តឈរឱបយកពន្លឺក្រោមម្លប់សន្តិភាព។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន)។
តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀងបានប្រតិបត្តិការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣.៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧១. ៨៤៣គ្រាប់ ។ ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ ក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០២៣ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់៕/PC