ដោយៈសុផល/ភ្នំពេញ៖ សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ បាននិងកំពុងត្រូវបានគេផ្តោតការយកចិត្តទុកដាក់ដើម្បីជំរុញនិងរៀបចំឱ្យក្លាយជាតំបន់អេកូទេសចរណ៍ បែបធម្មជាតិ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត។
សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឃុំផាត់សណ្តាយ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។ នៅដើមឆ្នាំ២០១៩ ក្រោមជំនួយពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានអនុវត្តគម្រោងមួយនៅក្នុងឃុំផាត់សណ្តាយនេះ ដែលមានឈ្មោះថា «ការបង្កើនជីវភាពរស់នៅរបស់ប្រជានេសាទ តាមរយៈការការពារនិងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ដីសើមក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា» រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។
គម្រោងនេះបានផ្តោតជាសំខាន់លើការងារអភិរក្ស ការអភិវឌ្ឍន៍សេវាកម្មអេកូទេសចរណ៍ ការបង្កើនជីវភាពរបស់ប្រជានេសាទតាមរយៈការបង្កើត ប្រភពមុខរបរចម្រុះ ដូចជា៖ ក្រុមកែច្នៃកាបូប និងវត្ថុអនុស្សាវរីយ៍ ក្រុមសន្សំ ក្រុមកែច្នៃផលិតកម្មត្រី ការលើកកម្ពស់សុខុមាលភាព និងបរិស្ថាន ដោយរៀបចំឱ្យមានស្ថានីយផលិតទឹកបរិសុទ្ធ និងឡសម្រាប់ដុតសំរាមជាដើម។ ក្រៅពីនេះក៏មានគម្រោងរៀបចំឱ្យមាន «ផ្សារបណ្ដែតទឹក»ដែលជា ផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះផងដែរ។
តំបន់សហគមន៍នេះ មានសេវាកម្មជាច្រើនត្រៀមជាស្រេចសម្រាប់ភ្ញៀវទេសចរ ក្នុងនោះរួមមាន៖ សេវាកម្មទូក និងកាណូត ផ្ទះស្នាក់ ប្រភេទផ្ទះបណ្តែតទឹក និងផ្ទះសហគមន៍ សេវាកម្មបោះជុំរុំ សេវាកម្មជូនភ្ញៀវពពៀតព្រៃ និងសេវាកម្មម្ហូបអាហារ។ សម្រាប់សេវាកម្មទូកមាន ២ជម្រើស សម្រាប់ទេសចរ ដោយទេសចរអាចអ៊ុលេងខ្លួនឯង ឬឱ្យសហគមន៍ជាអ្នកបើកជូនក៏បាន ហើយប្រសិនបើអ្នកមកកម្សាន្ត ២ ទៅ ៣នាក់ភ្ញៀវទេសចរអា ជ្រើសរើសស្នាក់ នៅផ្ទះបណ្តែតទឹក តែបើសមាជិកចាប់ពី ៤នាក់ឡើងទៅលោកអ្នកអាចជ្រើសរើសស្នាក់នៅផ្ទះសហគមន៍បានយ៉ាងរីករាយ។
ដោយឡែកសេវាកម្មបោះតង់រៀងពិសេសជាងគេបន្តិច ព្រោះទីនេះភ្ញៀវទេសចរអាចបោះតង់បានតែរដូវប្រាំងប៉ុណ្ណោះ ដោយសាររដូវវស្សាទឹកជន់ឡើង មិនអំណោយផលសម្រាប់ការបោះតង់។ប្រសិនបើអ្នកបោះតង់អំឡុងរដូវប្រាំងសហគមន៍នឹងរៀបចំឱ្យតង់អ្នកនៅចុងកោះទីតាំងដែលទេសចរអាចមើល ឃើញ ទេស ភាព ព្រៃលិចទឹក និងសម្រស់លំហរទន្លេសាបដ៏ល្ហល្ហាច កាន់តែទាក់ទាញលោកអ្នកអាចទស្សនាសត្វមួយចំនួនដែលកំពុងកើតមាន ដោយសារគម្រោងអភិរក្សនៅទីនោះថែមទៀតផង។
សូមបញ្ជាក់ថា៖ក្នុងគោលបំណងផ្សព្វផ្សាយអំពីសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយកាលពីថ្ងៃទី១៩ខែកុម្ភៈលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានដឹកនាំអភិបាលរងខេត្តកំពង់ធំ អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជិះទូកធ្វើទស្សនកិច្ច នៅតាមតំបន់សំខាន់ៗមួយចំនួន នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងគោលបំណងដើម្បីជួយជំរុញ និងរៀបចំតំបន់អេកូទេសចរណ៍បែបធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
នាឱកាសដឹកនាំក្រុមមន្ត្រីជំនាញ រួមទាំងមានតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជិះទូកធ្វើទស្សនកិច្ចសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ លោក ថោង ខុន ក៏បានដឹកនាំក្រុមមន្ត្រីជំនាញ ចុះទស្សនកិច្ចនៅតំបន់សំខាន់ៗមួយចំនួនរួមមាន៖ តំបន់អភិរក្សត្រីមេពូជ តំបន់ការពារសត្វស្លាប ប្រភេទផ្ទះបណ្តែតទឹក ផ្ទះសហគមន៍ និងទីតាំងដើមស្តី ដែលជាដើមឈើដែលមានអាយុកាលរាប់រយឆ្នាំផងដែរ៕/PC