ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ប្រទេសសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះបានបើកការចរចារយៈពេលពីរសប្តាហ៍ក្នុងគោលបំណងឈានដល់សន្ធិសញ្ញាមួយដែលមានគោលបំណងការពារនិងអភិរក្សតំបន់ដ៏ធំនៃមហាសមុទ្រពិភពលោក។
បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការនិងក្រៅផ្លូវការអស់រយៈពេលជាង១៥ឆ្នាំមក នេះនឹងក្លាយជាលើកទីបីក្នុងរយៈពេលតិចជាងមួយឆ្នាំដែលអ្នកចរចាបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កអំពីអ្វីដែលត្រូវគេសន្មត់ថាជាជុំចុងក្រោយនិងផ្តាច់ព្រ័ត្រ។
ប៉ុន្តែនៅមួយថ្ងៃមុនកិច្ចចរចាដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៣ ខែមីនា ភាពសុទិដ្ឋិនិយមដែលមានភាពប្រយ័ត្នប្រយែងហាក់កំពុងដំណើរការទៅមុខជាមួយនឹង កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលបានឈានដល់ការសម្រេចនៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ក្នុងខែធ្នូ ក្នុងអំឡុងសន្និសីទ COP15 របស់អ.ស.បស្តីពីជីវចម្រុះ។
បន្ទាប់មកបណ្តាប្រទេសនានាបានប្តេជ្ញាការពារ៣០ ភាគរយនៃដីនិងសមុទ្ររបស់ពិភពលោកនៅឆ្នាំ ២០៣០ ដែលវាជាបញ្ហាប្រឈមមួយស្ទើរតែមិនអាចទៅរួច ប្រសិនបើកិច្ចព្រមព្រៀងមិនរួមបញ្ចូលលំហសមុទ្រ ដែលក្នុងនោះមានតែប្រហែលមួយភាគរយប៉ុណ្ណោះត្រូវបានការពារ។
លោក ប៉េប៉េ ក្លាក (Pepe Clarke) អ្នកដឹកនាំប្រតិបត្តិមហាសមុទ្រសម្រាប់អង្គការ WWF International បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជីវចម្រុះ COP15 នឹងផ្តល់នូវឥទ្ធិពលវិជ្ជមានចាំបាច់សម្រាប់រដ្ឋាភិបាលនានាដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏សំខាន់នេះឱ្យខាងតែបាន”។
លំហសមុទ្រចាប់ផ្តើមនៅព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនានា ដែលលាតសន្ធឹងរហូតដល់៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ ដូច្នេះវាមិនស្ថិតក្រោមយុត្តាធិការនៃប្រទេសណាមួយនោះឡើយ។
ខណៈលំហសមុទ្រមានជាង ៦០ ភាគរយនៃមហាសមុទ្រពិភពលោកនិងជិតពាក់កណ្តាលនៃផ្ទៃភពផែនដីពួកវាបានទាក់ទាញចំណាប់អារម្មណ៍តិចជាងឆ្នេរសមុទ្រនិងប្រភេទសត្វល្បីៗមួយចំនួនជាយូរមកហើយ។
ប៉ុន្តែដោយគ្មានព្រំដែននៅសមុទ្រ ចឹងមាន “តែមហាសមុទ្រមួយប៉ុណ្ណោះ ហើយមហាសមុទ្រដែលមានសុខភាពល្អគឺមានន័យថា ភពផែនដីមានសុខភាពល្អ” នេះបើយោងតាមលោកស្រី ណាតាលី រ៉េ (Nathalie Rey) មកពីសម្ពន្ធលំហសមុទ្រ (High Seas Alliance) ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមរបស់លោកស្រីរួមមានអង្គការក្រៅរដ្ឋាភិបាលប្រហែល ៤០។
ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រ ដែលត្រូវបានគំរាមកំហែងដោយការប្រែប្រួលអាកាសធាតុ ការបំពុល និងការនេសាទហួសប្រមាណ បង្កើតបានពាក់កណ្តាលនៃអុកស៊ីសែនដែលយើងដកដង្ហើមនិងរឹតត្បិតការឡើងកម្តៅផែនដី ដោយការស្រូបយកកាបូនឌីអុកស៊ីត ដែលបញ្ចេញដោយសកម្មភាពរបស់មនុស្ស៕
លំហសមុទ្រចាប់ផ្តើមនៅព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនានាដែលលាតសន្ធឹងរហូតដល់៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ ដូច្នេះវាមិនស្ថិតក្រោមយុត្តាធិការនៃប្រទេសណាមួយនោះឡើយ