ដោយៈ ជាសីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ បាន ប្រកាស ឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿង ដែលកាន់កាប់រក្សាទុកដោយគ្រួសារឌូគ្លាស ឡាតហ្វដ (Douglas Latchford) នៅចក្រភពអង់គ្លេស ត្រូវ បានប្រគល់ មក កម្ពុជា វិញហើយ។

ការប្រគល់-ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូ កម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ ចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេស និងខម្ម៉ាន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈ និងបុរាណវត្ថុនៃស្នងការដ្ឋានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹ ក្សា សិល្បៈអង់គ្លេស។

គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿង អលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបាន បានផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។

លោកស្រី បានបញ្ជាក់ ថា «ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើក ទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិ កភ ណ្ឌ ទាំងនោះសម្រាប់ពិភពលោក»។

លោកស្រីក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារម ន្ទីរ ក៏ ដូចជាសា្ថប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហ ការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំ ការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។

លោកស្រីបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូល រួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះ ផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោក នាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។

លោក ហ៊ុន ម៉ានី ក៏ បានបង្ហាញនូវមោទនភាពដែលបានចូលរួមក្នុង កា រដង្ហែត្រឡប់មកមាតុប្រទេសវិញនូវសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននាពេលនេះ។

លោក ក៏បានយកឱកាសនោះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកស្រី ភឿង សកុណា និងដៃគូពាក់ព័ន្ធ ដែលបានយកចិត្ត ទុកដាក់ និងសហការគ្នា ឈានដល់ការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះ។ P / N