ដោយៈប.ខុន/ភ្នំពេញៈ ប្រជាពលរដ្ឋដែលបានចិញ្ចឹមត្រីលក្ខណៈគ្រួសារនៅក្នុងខេត្តព្រៃវែងបច្ចុប្បន្ននេះមានចំនួនរហូតដល់៩.០០០គ្រួសារហើយផលត្រីត្រូវចាប់រាល់ថ្ងៃដោយក្នុងមួយថ្ងៃៗមានចំនួនរាប់សិបតោនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្តនិងមួយចំនួនទៀតនាំទៅរាជធានីភ្នំពេញនិងខេត្តមួយចំនួន ដោយត្រីដែលបានចិញ្ចឹមមានដូចជាត្រីពោ ត្រីប្រា ត្រីទីឡាព្យា ត្រីឆ្ពិន ត្រីកាបសាមាញ់ ត្រីឆ្តោ ត្រីអណ្តែង…។
លោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ថាផលត្រីវារីវប្បកម្មនៅក្នុងខេត្តព្រៃវែងត្រូវបាន វារីវប្បករចាប់លក់រាល់ថ្ងៃ ក្រោយពីគេបានដាក់ចិញ្ចឹមកាលពីក្នុងឆ្នាំ២០២២ មានត្រីពោ ត្រីប្រា ត្រីទីឡាព្យា ត្រីឆ្ពិន ត្រីកាបសាមាញ់ ត្រីឆ្តោ ត្រីអណ្តែង ដែលក្នុងមួយថ្ងៃមានចំនួនដល់រាប់សិបតោន ដូចកាលពីចុងសប្តាហ៍កន្លងទៅមានចំនួនរហូតដល់៩០តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងមួយចំនួននាំចេញទៅកាន់រាជធានីភ្នំពេញនិងខេត្តមួយចំនួនផ្សេងទៀត។
នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថានៅថ្ងៃទី២០ខែកុម្ភៈនេះកសិករនៅភូមិសុរាម្រីតសីហនុឃុំបាបោងស្រុកពាមរក៏ បានចាប់ត្រីប្រានិងត្រីពោចំនួន៣តោន ។
លោកបានបន្តថា សម្រាប់ត្រីប្រា និង ត្រីពោ អាចលក់បានមួយគីឡូក្រាមប្រមាណជា ៤.០០០ រៀល ហើយត្រីឆ្តោ ដោយក្នុងមួយគីឡូក្រាមបានថ្លៃ១០.៥០០រៀល។
លោកអូន ស៊ីណាន បានឱ្យដឹងទៀតថាការចិញ្ចឹមត្រីលក្ខណៈគ្រួសារទាំងខ្នាតតូចនិងធំសរុបមានចំនួនប្រមាណជា៩.០០០គ្រួសារហើយផលត្រីត្រូវបានចាប់ លក់រាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការទីផ្សារក្នុងខេត្តនិងមួយចំនួនយកទៅផ្គត់ផ្គង់ទីផ្សេងខេត្តផ្សេងនិងរាជធានីភ្នំពេញ។ ការចិញ្ចឹមត្រីលក្ខណៈគ្រួសារនៅក្នុងខេត្តព្រៃវែងមានចំនួនច្រើន តែបញ្ហាដែលលំបាក់ក្នុងការចិញ្ចឹមឱ្យបានច្រើនដង គឺខ្វះទឹក៕ P / N