ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កាសែត​តែមួយគត់​នៃ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​បង់​ក្លា​ដែស​បាន​បញ្ឈប់​ការបោះ​ពុម្ព​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ បន្ទាប់​ពី​បទ​បញ្ជា​ព្យួរ​របស់​រដ្ឋាភិបាល​ត្រូវបាន​រក្សា​ទុក ជាហេតុ​នាំ​ឱ្យ​មាន​ការបា​រ​ម្ភ​អំពី​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​និង​រដ្ឋាភិបាល​បរទេស រួម​ទាំង​សហរដ្ឋ​អាម៉េរិក បាន​សម្តែង​ការព្រួយបារម្ភ​ជា​យូរណាស់​មកហើយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នាយក​រដ្ឋមន្ត្រី សេក ហា​ស៊ីណា (Sheikh Hasina) ដើម្បី​បំបិទ​ការរិះគន់ និង​អ្វី​ដែល​ពួក​គេ​មើលឃើញ​ថា​ជា​របប​ផ្តាច់ការ​ដែល​កំពុង​លូន​ចេញមក​។​

​កាសែត Dainik Dinkal ដែល​ជា​កាសែត​ភាសា​បង់​ក្លា​ដែស​ទំព័រ​ធំ​ទូលំទូលាយ គឺជា​សំឡេង​ដ៏​សំខាន់​របស់​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែស (BNP) អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ​។ កាសែត​នេះ​មាន​បុគ្គលិក​និង​អ្នកសារព័ត៌មាន​រាប់រយ​នាក់​។​

​កាសែត​នេះ​គ្របដណ្តប់​លើ​រឿង​ល្បីៗ ដែល​កាសែត​ពេញនិយម​ភាគច្រើន​ដែល​គ្រប់គ្រង​ដោយ​ពាណិជ្ជករ​និង​គាំទ្រ​រដ្ឋាភិបាល​កម្រ​នឹងធ្វើ​។​

​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការចាប់ខ្លួន​សកម្មជន​បក្ស BNP ជា​ញឹកញយ និង​អ្វី​ដែល​គណបក្ស​នេះ​និយាយថា ជា​ករណី​ក្លែងក្លាយ​រាប់ពាន់​ប្រឆាំងនឹង​អ្នកគាំទ្រ​របស់ខ្លួន​។​

​កាសែត​នេះ​បាន​និយាយថា អាជ្ញាធរ​សង្កាត់​ក្នុង​ទីក្រុង​ដា​ក្កា​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ថ្ងៃទី ២៦ ខែ​ធ្នូ ប៉ុន្តែ​កាសែត​នៅតែ​បន្ត​បោះពុម្ព​បន្ទាប់ពី​បាន​ប្តឹង​ឧទ្ធរណ៍​នៅ​ក្រុមប្រឹក្សា​សារព័ត៌មាន​ដែល​ដឹកនាំ​ដោយ​ចៅក្រម​តុលាការ​កំពូល​រហូតដល់​ថ្ងៃ​ត្រូវ​បិទ​មែនទែន​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២២ ចងក្រង​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដាក់​ចំណាត់ថ្នាក់​ប្រទេស​បង់​ក្លា​ដែស​នៅ​លេខ ១៦២ អាក្រក់​ជាង​រុស្ស៊ី