ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីអាម៉េរិកបានធ្វើទស្សនកិច្ចទីក្រុងគៀវដ៏គួរអោយភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទទី២០កុម្ភៈ នៅប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកបៃដិនថតជាមួយសមភាគីអ៊ុយក្រែននិងភរិយាក្នុងពេលលោកធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីក្រុងគៀវរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ
ដំណើរទស្សនកិច្ចរបស់លោកត្រូវបានរក្សាជាការសម្ងាត់ ហើយក្រុមហែរហមត្រូវបានកាត់បន្ថយមកនៅត្រឹមអ្នកយកព័ត៌មានតែពីរនាក់មកជាមួយ។
លោកបានជួបប្រធានាធិបតី ហ្សេឡេនស្គីនៅវិមានម៉ារីអ៊ីនស្គី(Mariinsky)និងបានប្រកាសជួយបន្ថែម៥០០លានដុល្លារ រួមមានគ្រាប់កាំភ្លើងធំ គ្រាប់រំសេវ កាំជ្រួចប្រឆាំងរថក្រោះចាវឺលីន(Javelins)បន្ថែមទៀត និងកាំភ្លើងធំ បូករួមទាំងទណ្ឌកម្មបន្ថែមលើរុស្ស៊ី។
លោកបៃដិនបាននិយាយាថា «មួយឆ្នាំក្រោយមក ទីក្រុងគៀវឈរយ៉ាងរឹងមាំ។និងប្រជាជនអ៊ុយក្រែនឈរយ៉ាងរឹងមាំ និងលទ្ធិប្រជាធិបតេយ្យនៅឈរយ៉ាងរឹងមាំ»។
តាមពិតប្រធានាធិបតីអាម៉េរិកត្រូវចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅល្ងាចថ្ងៃចន្ទសំរាប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប៉ូឡូញ កន្លែងដែលលោកត្រូវជួបនាយករដ្ឋមន្ត្រីប៉ូឡូញលោកម៉ាតេអ៊ូស ម័ររ៉ាវីអេស្គី(Mateusz Morawiecki)នៅទីក្រុងវ៉ាសូវី ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើនចំនួនទាហានអាម៉េរិកនៅទីនោះ។វាជាគំរោងផ្លូវការរបស់សេតវិមាន តែលោកបែរជាជិះយន្តហោះដោយសម្ងាត់មកកាន់តំបន់ជម្លោះដោយផ្ទាល់។
លោកហ្សេឡេនស្គី បានស្វាគមន៍លោកបៃដិនមកកាន់ទីក្រុងគៀវដោយបាននិយាយថា« ដំណើររបស់លោកសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែនទាំងអស់»។លោកក៏បាននិយាយាថា ពួកលោកបាននិយាយអំពី«សព្វាវុធចម្ងាយឆ្ងាយថ្មីនិងសព្វាវុធដែលនៅតែអាចផ្តល់អោយអ៊ុយក្រែន» ទោះជាមិនទាន់បានផ្តល់អោយកាលពីមុន។
តែលោកហ្សេឡេនស្គី មិនបានបង្ហាញលម្អិតអំពីសព្វាវុធដែលអាម៉េរិកសន្យាផ្តល់អោយថ្មីទេ។
ចំណែកលោកបៃដិនបាននិយាយថា «នៅពេលពិភពលោកត្រៀមប្រារព្វខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ខ្ញុំមកទីក្រុងគៀវនៅថ្ងៃនេះដើម្បីជួបប្រធានាធិបតីហ្សេឡេនស្គី និងសូមបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីអ៊ុយក្រែន»។
«នៅពេលពូទីនចាប់ផ្តើមការឈ្លានពានរបស់គាត់កាលពីមួយឆ្នាំមុន គាត់បានគិតថាអ៊ុយក្រែនខ្សោយនិងលោកខាងលិចបែកបាក់ ។គាត់គិតថា គាត់អាចរស់បានយូរជាងយើង តែគាត់គិតខុសទាំងស្រុង»។
សង្គ្រាមនេះបានបណ្តាលអោយបាត់បង់អាយុជីវិតមនុស្សរាប់ម៉ឺននាក់ រុញមនុស្សរាប់លាននាក់អោយក្លាយជាជនភៀសសឹកនិងប្រែក្លាយទីក្រុងជាច្រើននៅអ៊ុយក្រែនខាងកើតនិងខាងត្បូងទៅជាគំនរផេះ។ជំនួយរបស់អាម៉េរិកនិងសម្ពន្ធមិត្តសំខាន់ខ្លាំងណាស់ក្នុងការជួយអ៊ុយក្រែនការពារទឹកដីរបស់ខ្លួន។អាម៉េរិកតែឯងបានជួយជំនួយយោធានិងហិរញ្ញវត្ថុជាង១០០ពានលានដុល្លាររួចហើយដល់ប្រទេសនេះ ក្នុងនេះ៦២,៣ពាន់លានក្រសួងការពារជាតិអាម៉េរិកបានចំណាយនៅមួយឆ្នាំមកនេះ លើសព្វាវុធ និងគ្រាប់រំសេវ រួមទាំងការហ្វឹកហាត់ ភស្តុភានិងប្រាក់ខែ៕