ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តកាលពី​ថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣នេះបានអញ្ជើញនៅក្នុងកិច្ចប្រជុំរកដំណោះស្រាយវិវាទនិងចុះពិនិត្យដល់ទីតាំងដីព្រៃហើយត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ​ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្សឃុំត្រស់​និងឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឱ្យដឹងថា​ទីតាំងដីព្រៃរបស់រដ្ឋដែលកំពុងត្រូវបានប្រជាពលរដ្ឋ​ចូលរុករាន​កាន់កាប់ទាំងនោះគឺពុំមានលិខិតកាន់កាប់រឺបញ្ជាក់ពីខាងអាជ្ញាធរមូលដ្ឋានភូមិឃុំនោះទេ។​ពួកគាត់បានសម្រុក​នាំគ្នាមក​រានដីព្រៃរបស់រដ្ឋហើយសង់ខ្ទមដាំដំណាំអាស្រ័យផលស្រេចតែចិត្តបើទោះបីជាខាងមូលដ្ឋានធ្លាប់បានហាមប្រាមយ៉ាងណាក៏ដោយ។រហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនប្រមាណជាង២០០គ្រួសារឯណោះ។

លោកអភិបាលស្រុកបានបន្តថាការបែកចែកដីធ្លីនេះក្នុងភូមិសាស្ត្រស្រុករមាសហែកកាលពីឆ្នាំ២០១២តាមរយៈបទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យ​ក្រុមនិស្សិតស្ម័គចិត្តចុះធ្វើការវាស់វែងបែងចែក​ធ្វើកម្មសិទ្ធដីធ្លីជូន​ប្រជាពលរដ្ឋ​ចំនួន៧៨គ្រួសារ។ក្នុងនោះមួយគ្រួសារបានទទួលដីធ្វើជាកម្មសិទ្ធស្របច្បាប់១.៥ហិកតាដោយបានឆ្វៀល​ដីគម្រប​ព្រៃរបស់រដ្ឋ​និងក្រុមហ៊ុនជាលក្ខណ:ស្បែកខ្លាជូនពួកគាត់រួចមកហើយ។ក៏ប៉ុន្តែមួយរយ:ចុងក្រោយនេះមិនដឹងជាប្រជាពលរដ្ឋមក​ពី​ខាងណា​ខ្លះទេបាននាំគ្នាមកកាប់រុករាន ដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋធ្វើ​ជាកម្មសិទ្ធរបស់គាត់។

ក្នុងឱកាសនេះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងក៏បានសំណូមពរដល់មន្ត្រីដែលមានការពាក់ព័ន្ធ​ទាំងអស់ត្រូវ​រួមគ្នារកដំណោះឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាដោយលើកពីហេតុផលឱ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេគឺត្រូវប្រឈមទៅនឹងការអនុវត្តច្បាប់ដោយបង្ខំដើម្បីកុំឱ្យមានភាពអនាធិបតេយ្យដូច្នេះបន្តទៅទៀត។

លោកអភិបាលរងខេត្តបានបន្តថាទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាពដោយបានសុំគោលការណ៍ទៅលោកអភិបាលខេត្តដើម្បីចេញសេចក្តីសម្រេចនាពេលខាងមុខ។ក្នុងនាមយើងជាម្ចាស់មូលដ្ឋានដាច់ខាតត្រូវតាមរកមេខ្យល់ឱ្យឃើញដែលដើរឃោសនា​ប្រជាជនឱ្យ​ធ្វើការកាប់រុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕សរន / N