ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទទី២០កុម្ភៈបានច្រានចោលការអះអាងរបស់អាម៉េរិកដែលថាចិនកំពុងពិចារណាផ្តល់សព្វាវុធដល់រុស្ស៊ីក្នុងការធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន និងបានធ្វើការអំពាវនាវឡើងវិញអោយមានការចរចាបញ្ចប់ជម្លោះនេះ។
នៅពេលត្រូវបានអ្នកកាសែតសួរអំពីការអះអាងរបស់អាម៉េរិក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន(Wang Wenbin)បាននិយាយថា«គឺភាគីអាម៉េរិកហ្នឹងដែលផ្តល់អាវុធឥតឈប់ឈរទៅកាន់សមរភូមិ»។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចកំពុងពិចារណាផ្តល់ការគាំទ្រដែលអាចផ្តាច់ផ្តិលអាយុជីវិតមនុស្សដល់រដ្ឋាភិបាលទីក្រុងមូស្គូ មានចាប់តាំងពី«គ្រាប់រំសេវដល់សព្វាវុធ»។
តែក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះ លោកវ៉ាងបាននិយាយថា«យើងទទូចសុំអាម៉េរិកឆ្លុះមើលអំពើរបស់ខ្លួនឯងនិងធ្វើការងារដើម្បីសម្រាលស្ថានការណ៍ ជំរុញសន្តិភាពនិងការចរចាគ្នា ហើយបញ្ឈប់បង្វែរការបន្ទោសគេឯងហើយផ្សព្វផ្សាយព័ត៌មានមិនពិត»។
សូមបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនជាបញ្ហារសើបមួយសំរាប់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលខិតខំរក្សាជំហររបស់ខ្លួនអោយនៅអព្យាក្រិតហើយក្នុងពេលជាមួយគ្នាក៏ផ្តល់ការគាំទ្រការទូតចំពោះសម្ពន្ធមិត្តរុស្ស៊ី។
លោកវ៉ាងបានបន្ថែមថា «វាច្បាស់ណាស់ចំពោះសហគមន៍អន្តរជាតិ ថានរណាអំពាវនាវអោយធ្វើការចរចាដើម្បីសន្តិភាព នរណាបន្ថែមប្រេងលើភ្លើងហើយលើកទឹកចិត្តអោយប្រយុទ្ធគ្នា»។
កាលពីថ្ងៃសៅរ៍ ចិនបាននិយាយថាខ្លួននឹងចេញផ្សាយសំណើមួយដើម្បីស្វែងរក«ដំណោះស្រាយនយោបាយ»ចំពោះវិបត្តិអ៊ុយក្រែន ដោយអ្នកការទូតកំពូលរបស់ចិនបានប្រាប់សន្និសីទមួយថា ប្រទេសលោក«ស្ថិតនៅខាងការចរចា»។
លោកវ៉ាង យី បានប្រាប់សន្និសីទសន្តិសុខក្រុងមុយនិចកាលពីថ្ងៃសៅរ៍ថា ចិនប្រឆាំងការវាយប្រហារលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ប្រឆាំងការប្រើសព្វាវុធគីមីជីវសាស្ត្រ និងមានបំណងធ្វើការជាមួយភាគីទាំងអស់។
ក្រោយមកកាលពីថ្ងៃចន្ទ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបានព្រមានចិនកុំអោយផ្តល់អាវុធដល់រុស្ស៊ីសំរាប់សង្គ្រាមនៅអ៊ុយក្រែន។លោក ចូសេប ប័ររ៉ែល(Josep Borrell)បានប្រាប់លោកវ៉ាងថា«សំរាប់ពួកយើង វានឹងជាបន្ទាត់ក្រហមមួយនៅក្នុងទំនាក់ទំនងរបស់យើង។តែគាត់បានប្រាប់ខ្ញុំថា ពួកគេមិនមានផែនការធ្វើវាទេ តែយើងនៅតែប្រុងប្រយ័ត្ន»៕
លោក វ៉ាង វិនពីន៖ គឺអាម៉េរិកខ្លួនឯងដែលដឹកជញ្ជូនសព្វាវុធឥតឈប់ទៅកាន់សមរភូមិ