ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអុ គីស៊ីដា នៅថ្ងៃចន្ទនេះបាននិយាយថា ជប៉ុននឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុថ្មីចំនួន៥,៥ពាន់លានដុល្លារដល់រដ្ឋាភិបាលទីក្រុងគៀវ នៅពេលតែបួនថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
ជប៉ុន ដែលជាប្រធានក្រុមប្រទេសG7នៅឆ្នាំនេះ បានចូលរួមជាមួយបណ្តាមហាអំណាចពិភពលោកក្នុងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូចាប់តាំងពីសង្គ្រាមឈ្លានពានបានចាប់ផ្តើមកាលពីថ្ងៃ២៤កុម្ភៈ។
កន្លងមកជប៉ុនបានផ្តល់អោយអ៊ុយក្រែនរួចហើយនូវជំនួយហិរញ្ញវត្ថុចំនួន៦០០លានដុល្លារ រួមទាំងជំនួយមនុស្សធម៌រាប់រយលានទៀត។តែ«យើងនៅតែត្រូវជួយប្រជាជនដែលការរស់នៅរបស់គេត្រូវបានបណផ្លាញដោយសង្គ្រាម និងស្តារហេដ្ឋារចនាសម្ពន្ធដែលត្រូវបំផ្លាញឡើងវិញ» នេះបើតាមលោកគីស៊ីដាបានថ្លែងនៅក្នុងសិក្ខាសាលាមួយនៅក្រុងតូក្យូ។
«យើងបានសំរេចផ្តល់ការគាំទ្រហិរញ្ញវត្ថុ៥,៥ពាន់លានបន្ថែមទៀត»។
នាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសថាលោកនឹងបើកកិច្ចប្រជុំតាមវីដេអូបន្តផ្ទាល់ជាមួយក្រុមមេដឹកនាំG7 រួមទាំងប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី នៅថ្ងៃសុក្រ ចំខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។លោកថា«ឆ្នាំនេះជប៉ុនជាប្រធានG7 និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។យើងនឹងគាំទ្រអ៊ុយក្រែនប្រយុទ្ធទល់នឹងការឈ្លានពានរបស់រុស្ស៊ីហើយនឹងដឹកនាំកិច្ចខិតខំរបស់ពិភពលោកដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិសេរីនិងបើកចំហមួយដែលផ្អែកលើនីតិរដ្ឋ»៕
គីស៊ីដា ថ្លែងក្នុងពេលបើកសិក្ខាសាលា Tokyo Global Dialogueនៅទីក្រុងតូក្យូកាលពីថ្ងៃ២០កុម្ភៈ