ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​បំផ្លិចបំផ្លាញ​នៅ​ភាគ​អាគ្នេយ៍​ប្រទេសប្រេ​ស៊ីល​បាន​កើនឡើង​ដល់​៤០ នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ ខណៈ​ប្រធានាធិបតី ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva) បាន​ចុះ​ទៅ​មើល​តំបន់​នេះ ហើយ​និយាយ​ថា​ផ្ទះសម្បែង​មិនគួរ​សាងសង់​នៅក្នុង​តំបន់​ដែល​មាន​ហានិភ័យ​នៃ​ការ​រអិល​បាក់​ដី​និង​ទឹកជំនន់​ធំៗ​ទៀត​ទេ​។​

​អាជ្ញាធរ​ក្នុង​រដ្ឋ​សៅ​ប៉ូ​ឡូ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​បួន​នាក់​ទៀត​ត្រូវបាន​សម្លាប់​បន្ថែម​ពីលើ​ចំនួន​ស្លាប់​៣៦ នាក់​កាល​ពី​មួយ​ថ្ងៃមុន​នេះ ប៉ុន្តែ​ការស្លាប់​និង​របួស​ច្រើន​ជាង​នេះ​នឹង​មាន​ថែម​ទៀត ខណៈ​មនុស្ស​ជាង​៣០​នាក់​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

​លោក​លូ​ឡា​បាន​ហោះ​ពីលើ​ទីប្រជុំជន​មាត់​ឆ្នេរ សៅ​សេ​បាស្ទី​អាវ (Sao Sebastiao) រួម​ជាមួយនឹង​ក្រុម​រដ្ឋមន្ត្រី ហើយ​បាន​សន្យាថា​នឹង​ជួយ​កសាង​ទីប្រជុំជន​នៃ​ប្រជាជន​ប្រហែល​៩១.០០០ នេះ​ឡើង​វិញ ដោយ​សាងសង់​ផ្ទះ​ថ្មី​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​នេះ​។​

​លោក​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើការ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​ដូចជា​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​ការ​រអិល​បាក់​ដី​៕

​លោក​លូ​ឡា​កំពុង​ពិនិត្យមើល​ស្ថានភាព​ក្រោយ​គ្រោះទឹកជំនន់​នៅ​ទីក្រុង​សៅ​សេ​បាស្ទី​អាវ​ពីលើ​ឧទ្ធម្ភាគចក្រ