ដោយៈ សុខុម / ស្ទឹងត្រែងៈ សហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន គឺជាសហគមន៍មួយ ដែលស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ហើយទើបនឹងទទួលបាន ពានរង្វាន់ ក្នុងការវាយតម្លៃ នៅប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ ” សហគមន៍ អេកូទេសចរណ៍ ស្តង់ដាអាស៊ាន ” ក្នុងចំណោមសហគមន៍ផ្សេងទៀត នៃប្រទេសកម្ពុជា ដែលបានដាក់ប្រកួតប្រជែង។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថាៈ នៅក្នុងការប្រកួតប្រជែង ផ្នែកសហគមន៍អេកូទេសចរណ៍ នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ។ លោកបានជ្រើសរើសយកសហគមន៍អេកូ ទេសចរណ៍ សម្រស់កោះហាន ទៅប្រកួតប្រជែង តាមរយៈក្រសួងទេសចរណ៍ ហើយមានការវាយតម្លៃ បានជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន ។ នេះគឺជាមោទនភាពមួយ សម្រាប់ខេត្តស្ទឹងត្រែង។
មកដល់ពេលនេះ ពានរង្វាន់ ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន ខាងលើ បានយកមក ដល់ក្រសួងទេសចរណ៍ រួចហើយ គឺរង់ចាំតែថ្ងៃណាមួយ ខាងសហគមន៍នឹងទៅទទួលយក ពានរង្វាន់ សហគមន៍អេកូទេសចរណ៍ ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន នៅក្រសួងទេសចរណ៍ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
លោកស្រី បូរ៉ានី ភ្ញៀវទេសចរ មកពីខេត្តសៀមរាប បានបង្ហាញពីអារម្មណ៍ពិត ពេលទៅ កម្សាននៅតាមតំបន់រាមសារ បានរៀបរាប់ដោយក្តីរីករាយថាៈ នៅក្នុងសហគមន៍ គឺជា កន្លែងកម្សាន្តដ៏ប្លែក ខុសពីតំបន់សៀមរាបអង្គរ មាត់សមុទ្រ ខេត្តព្រៃភ្នំ។ ខេត្តស្ទឹងត្រែង មានដងទន្លេ មានព្រៃលិចទឹកដ៏សំបូរបែប បង្ហាញពីទស្សនីយភាព ទាក់ទាញភ្ញៀវមក កម្សាន្ត។ ម្យ៉ាងទៀត នេះគឺជាមោទនភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានផ្លូវ ស្ពាន ទើបភ្ញៀវទេសចរ អាចចង់ទៅកម្សាន្ត បានគ្រប់ទីកន្លែង។
ភ្ញៀវទេសចរ មកពីខេត្តសៀមរាប ខាងលើនេះ បានរៀបរាប់ទៀតថាៈ ពេលមកដល់ ខេត្តស្ទឹងត្រែង គឺពិតជាសប្បាយរីករាយខ្លាំងណាស់។ សហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន គឺជាកន្លែងសម្រាប់ក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ដែលបានមកលេង ទីនេះ៕/V-PC