ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋមឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលឈប់ការប្រកួត ចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកបានបន្តថាៈ សិក្ខាកាម មានចំនួន ៣៦ រូប ក្នុងមាន ២ រូប ជានារី ក្រៅពីនោះជា អតីតកីឡាករប្រដាល់ល្បីៗ ។ វគ្គនះ ការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និង ក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនបត្រ ដែលមានតម្លៃ សម្រាប់ការចូលរួមបំពេញការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ។

វគ្គនេះ គឺចំណាយថវិការបស់ ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាម ដែលភាគច្រើន ជាគរុសិស្ស មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះ សុទ្ធតែជាអ្នក មានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះ ពួកគេងាយនឹងទទួលយកនូវពុទ្ធិ ថ្មីៗទាំងអស់៕ V / N