ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ខេមរសហព័ន្ធតេក្វាន់ដូ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសិក្ខាសាលា ស្តីពីមន្ត្រីបម្រើការងារត្រៀម SEA GAMES ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តិទៅ នាខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធ តេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភដោយ ក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ បានមានប្រសាសន៍ថាៈ វគ្គសិក្ខាសាលា ស្តីពីមន្រ្តីបម្រើការងារត្រៀម SEA GAMES លើកទី៣២ ឆ្នាំ២០២៣ របស់ខេមរ សហព័ន្ធតេក្វាន់ដូ ដែលនឹងប្រព្រឹត្តទៅ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមជាង ៤៥ នាក់ ចូលរួម ដើម្បីពួកគេមន្ត្រីបម្រើការងារ SEA GAMES ល្អប្រសើរ ដែលមកពីខេត្តបាត់ដំបង សៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងរាជធានីភ្នំពេញ ។

សម្រាប់គ្រូឧទ្ទេសវិញ មានចំនួន ២ នាក់ គឺលោក ហែម សំណាង អាជ្ញាកណ្តាលកម្រិត អន្តរជាតិ និងលោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការទៀតផង។

សិក្ខាសាលានេះ មានគោលបំណង ក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របសប្រធានខេមរសហព័ន្ធ ជំរុញពង្រីកកីឡា មួយនេះ មានទូទំាងប្រទេស។

លោកបានបន្តថាៈ សិក្ខាសាលា អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិកា របស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះ បណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក​មេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើម សម្រាប់ត្រៀមធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងត្រៀមចូលរួម ក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា៕ V / N